រុស្ស៊ី៖ វាមានសារៈសំខាន់ណាស់ដែលបេសកជនពិសេសអាម៉េរិកសម្រាប់អ៊ុយក្រែនបន្តកិច្ចប្រឹងប្រែងសម្រុះសម្រួល
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ -- វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា វាមាន «សារៈសំខាន់ណាស់» សម្រាប់ប្រទេសរុស្ស៊ីដែលបេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន លោក ឃែត ឃែកឡូក (Keith Kellogg) បន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានថា «វាមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ដែលលោក ឃែលឡូក ក្នុងនាមជាអ្នកតំណាងក្រុមការងារ (ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ) បន្តកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការផ្តល់សេវាសម្របសម្រួលក្នុងក្របខ័ណ្ឌនៃដំណោះស្រាយរុស្ស៊ី-អ៊ុយក្រែន»។
ដោយបង្ហាញថា រុស្ស៊ីគ្មានការរំពឹងទុកពីដំណើរទស្សនកិច្ចរបស់លោក ឃែលឡូក ទៅកាន់អ៊ុយក្រែននោះ លោក ប៉េសកូវ បានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់ទីក្រុងម៉ូស្គូក្នុងការចូលរួមក្នុងកិច្ចចរចាផ្ទាល់ជុំទីបីជាមួយទីក្រុងគៀវ។
លោកបាននិយាយថា «វាច្បាស់ណាស់ថា ទីក្រុងគៀវមិនរួសរាន់នោះទេ។ យើងនៅតែរង់ចាំសំណើ (ពីអ៊ុយក្រែន) ចំពោះការបរិច្ឆេទនៃកិច្ចចរចា»។
ប្រតិកម្មទៅនឹងការប្រកាសរបស់លោក ត្រាំ កាលពីថ្ងៃអាទិត្យដែលថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនគ្រាប់មីស៊ីលការពារដែនអាកាស Patriot ក្នុងចំនួនមួយមិនជាក់លាក់ទៅកាន់អ៊ុយក្រែននោះ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយបន្ថែមថា ទីក្រុងម៉ូស្គូទទួលបានពីការពិតដែលថា ការផ្គត់ផ្គង់ផ្នែកយោធាអាម៉េរិកដល់អ៊ុយក្រែនបាន និងកំពុងបន្ត»។
កាលពីព្រឹកថ្ងៃចន្ទ លោក ឃែលឡូក បានទៅដល់ទីក្រុងគៀវសម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ ដែលលោកត្រូវបានស្វាគមន៍ដោយលោក អេនដ្រៀវ យើម៉ាក (Andriy Yermak) ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន។
លោក យើម៉ាក បាននិយាយនៅលើបណ្តាញតេឡេក្រាមថា មានប្រធានបទជាច្រើនសម្រាប់កិច្ចពិភាក្សា ដែលរួមមានទាំងការពង្រឹងសន្តិសុខ សព្វាវុធ ការដាក់ទណ្ឌកម្ម ការការពារប្រជាជនរបស់យើង ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





