រដ្ឋាភិបាលថៃបង្ក្រាបការលក់ស្ករកៅស៊ូកញ្ឆា ចំពេលដែលមានការព្រួយបារម្ភអំពីបញ្ហាសុខភាព
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋាភិបាលថៃកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃផលិតផលដែលប្រើដោយកញ្ឆាខុសច្បាប់ ដោយផ្តោតជាពិសេសទៅលើស្ករកៅស៊ូដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់កុមារ និងមនុស្សវ័យជំទង់។ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី សាស៊ីកាន វឌ្ឍនាចាន់ (Sasikarn Watthanachan) បាននិយាយថា ការបង្រ្កាបបានពង្រឹងគោលនយោបាយរបស់ប្រទេសថៃដែលអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់តែគោលបំណងវេជ្ជសាស្រ្ត និងការស្រាវជ្រាវដែលត្រូវបានអនុម័តតែប៉ុណ្ណោះ។
ក្រសួងសុខាភិបាលបានណែនាំដល់រដ្ឋបាលចំណីអាហារ និងឪសថ និងការិយាល័យសុខាភិបាលខេត្ត ឱ្យចុះធ្វើអធិការកិច្ចនៅទូទាំងប្រទេសជាបន្តបន្ទាប់។ អាជីវកម្មណាដែលត្រូវបានរកឃើញថាបានផលិត ឬលក់អាហារ និងភេសជ្ជៈដែលមានកញ្ឆាដោយគ្មានការអនុញ្ញាតត្រឹមត្រូវ នឹងប្រឈមនឹងការផាកពិន័យ ឬការចាប់ខ្លួន។ មន្រ្តីប៉ូលិសក៏ត្រូវបានជូនដំណឹងផងដែរ នៅក្នុងករណីរកឃើញថាមានពាក់ព័ន្ធនឹងសារជាតិកញ្ឆានេះ ត្រូវទទួលខុសត្រូវនៅក្រោមច្បាប់ព្រហ្មទណ្ឌ។ ការត្រួតពិនិត្យរួមគ្នាជាមួយអាជ្ញាធរគ្រឿងញៀនបាននាំឱ្យមានការផ្អាកអាជ្ញាប័ណ្ណសម្រាប់ហាងមួយចំនួនដែលប្រតិបត្តិការខុសច្បាប់។
ការបំពានពាក់ព័ន្ធនឹងការប្រើប្រាស់កញ្ឆាដោយមិនមានការអនុញ្ញាតិ ឬការខកខានក្នុងការដាក់ស្លាកផលិតផលឱ្យបានត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសរហូតដល់ ៣០.០០០បាត ឬជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។ ផលិតផលដែលផលិត ឬនាំចូលដោយគ្មានការអនុញ្ញាត ឬផលិតផលដែលមានកម្រិត THC មិនមានសុវត្ថិភាព អាចត្រូវបានចាត់ថ្នាក់ជាអាហារដែលមានមេរោគ ហើយអាចបណ្តាលឱ្យមានការបន្ថែមការផាកពិន័យ ឬជាប់ពន្ធនាគារ។
អាជ្ញាធរកំពុងព្រមានដល់សាធារណជន ជាពិសេសមាតាបិតាឱ្យប្រុងប្រយ័ត្នចំពោះស្ករកៅស៊ូកញ្ឆា ដែលជារឿយៗមានទាំងសារធាតុ THC និង CBD ។ THC គឺជាសារធាតុចិត្តសាស្ត្រដែលប៉ះពាល់ដល់ខួរក្បាលយ៉ាងឆាប់រហ័ស និងអាចបង្កើតអារម្មណ៍រំភើបក្នុងរយៈពេលខ្លី។ ទោះយ៉ាងណាក៏ដោយ ការប្រើប្រាស់សារធាតុនេះក្នុងបរិមាណច្រើន ឬក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង ឬអ្នកដែលមិនធ្លាប់មានបទពិសោធន៍ជាមួយសារធាតុនេះ វាអាចបង្កឱ្យមានប្រតិកម្មអវិជ្ជមាន ដូចជា ចង្អោរ ចង្វាក់បេះដូងលោតញាប់ ការវង្វេងរង្វាន់ ឬសម្ពាធឈាមឡើងខ្ពស់ជាដើម។
លោកស្រី សាស៊ីកាន បានជំរុញឱ្យគ្រប់វិស័យទាំងអស់ត្រូវតាមដានស្ថានការណ៍ និងទប់ស្កាត់ការរីករាលដាលនៃផលិតផលដែលមិនមានសុវត្ថិភាព ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនដែលកំពុងកើតមាន និងការពារសុខភាពកុមារ និងសហគមន៍ទូទាំងប្រទេស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





