លោក ហ្សេលេនស្គី ស្នើលោកស្រី យូលៀ ស្វីរីដេនកូ ឱ្យដឹកនាំរដ្ឋាភិបាលអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃចន្ទបាននិយាយថា លោកបានស្នើទៅឧបនាយករដ្ឋមន្ត្រីទីមួយ លោកស្រី យូលៀ ស្វីរីដេនកូ (Yulia Svyrydenko) ឱ្យដឹកនាំរដ្ឋាភិបាលរបស់ប្រទេស។
បន្ទាប់ពីជួបជាមួយលោកស្រី ស្វីរីដេនកូ នៅក្នុងទីក្រុងគៀវ លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមអ៊ិច (X) ថា លោក និងលោកស្រីឧបនាយករដ្ឋមន្ត្រីទីមួយបានពិភាក្សាគ្នាអំពីវិធានការជាក់ស្តែង ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស និងបង្កើនការផលិតអាវុធក្នុងស្រុកក្នុងចំណោមបញ្ហាផ្សេងៗទៀត។
លោក ហ្សេលេនស្គី បាននិយាយបន្ថែមថា «ក្នុងការស្វែងរកគោលដៅនេះ យើងកំពុងផ្តួចផ្តើមការផ្លាស់ប្តូរសាខាប្រតិបត្តិនៅអ៊ុយក្រែន។ ខ្ញុំបានស្នើឱ្យលោកស្រី យូលៀ ស្វីរីដេនកូ ដឹកនាំរដ្ឋាភិបាលអ៊ុយក្រែន និងបន្តការងារសំខាន់ៗ»។
លោកប្រធានាធិបតីបាននិយាយថា លោកកំពុងទន្ទឹងរង់ចាំការបង្ហាញពីផែនការសកម្មភាពរបស់រដ្ឋាភិបាលថ្មី «ក្នុងពេលអនាគតដ៏ខ្លី»។
កាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គី បានប្រកាសអំពីការត្រៀមរៀបចំសម្រាប់ការផ្លាស់ប្តូរអភិបាលកិច្ចដ៏ច្រើន បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តី លោក ដេនីស ស្មីហាល់ (Denys Shmyhal) ដែលបានចូលកាន់តំណែងកាលពីក្នុងខែមីនា ឆ្នាំ២០២០។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅលើបណ្តាញសង្គមអ៊ិចថា «កិច្ចការនេះនឹងអនុញ្ញាតឱ្យយើងកាត់បន្ថយការចំណាយទៅលើការថែរក្សាការិយាធិបតេយ្យរបស់រដ្ឋាភិបាល ធានាបាននូវការគ្រប់គ្រងយ៉ាងសំខាន់ និងដឹកនាំធនធានដែលមានជាអតិបរមាឆ្ពោះទៅរកការការពារប្រទេសអ៊ុយក្រែន និងប្រជាជនរបស់ខ្លួន»។
លោកស្រី ស្វីរីដេនកូ បានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីទីមួយកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងពេលដំណាលគ្នានោះ លោកស្រីក៏ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចផងដែរ។
ទន្ទឹមនឹងនេះដែរ មិនមានសេចក្តីថ្លែងការណ៍ ឬការកត់សម្គាល់ផ្លូវការណាមួយត្រូវបានធ្វើឡើងចំពោះការលាលែងពីតំណែងរបស់លោក ស្មីហាល់ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់អ៊ុយក្រែននោះទេ។
កាលពីសប្តាហ៍មុន សារព័ត៌មានប្ល៊ូមបឺក (Bloomberg) បានរាយការណ៍ថា លោក ហ្សេលេនស្គី និងលោក ដូណាល់ ត្រាំ (Donald Trump) បានពិភាក្សាគ្នាអំពីការជំនួសលោក អុកសាណា ម៉ាការ៉ូវ៉ា (Oksana Markarova) ជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលការហៅទូរស័ព្ទចុងក្រោយរបស់មេដឹកនាំទាំងពីរកាលពីដើមខែនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





