កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងតួកគី និងកាតា ចូលជាធរមាន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ -- កិច្ចព្រមព្រៀងទ្វេភាគីរវាងតួកគី និងកាតា ដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ជាសកល បានចូលជាធរមានហើយកាលពីថ្ងៃច័ន្ទ ជាមួយនឹងការបោះពុម្ភផ្សាយនៅក្នុងរាជកិច្ចផ្លូវការរបស់តួកគី បន្ទាប់ពីការផ្តល់សច្ចាប័នដោយលោកប្រធានាធិបតី រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan)។
កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យជំនួយមនុស្សធម៌រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី និងរដ្ឋាភិបាលនៃរដ្ឋកាតា ដែលបានចុះហត្ថលេខានៅទីក្រុងអង់ការ៉ានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចូលជាធរមានជាផ្លូវការជាមួយនឹងការបោះពុម្ពផ្សាយជាផ្លូវការ។
នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងបង្កើតក្របខ័ណ្ឌទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសទីបីដែលត្រូវការជំនួយ។
កិច្ចព្រមព្រៀងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ការដាក់ពង្រាយបុគ្គលិកមនុស្សធម៌ ការបង្កើត និងប្រតិបត្តិការមន្ទីរពេទ្យតាមទីវាល ការគាំទ្រគំនិតផ្តួចផ្តើមនៃការស្តារឡើងវិញ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឡើងវិញ តាមរយៈគម្រោង និងកម្មវិធីសហការនានា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





