អាស៊ានបញ្ជាក់ពីគោលជំហរជាសកល និងទំនុកចិត្ត នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៨
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក ម៉ូហាម៉ាដ ហាសាន់ (Mohamad Hasan) បាននិយាយថា ការរៀបចំប្រកបដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨(AMM-58) និងកិច្ចប្រជុំពាក់ព័ន្ធ បានបង្ហាញឱ្យឃើញថា ប្លុកនេះត្រូវបានគេគោរព និងបន្តទទួលបានការជឿទុកចិត្តពីប្រទេសមហាអំណាចធំៗ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា អាស៊ានក៏ត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងថាជាតំបន់សន្តិភាព ដែលមានសេដ្ឋកិច្ចរឹងមាំនិងរីកចម្រើន។
លោក ម៉ូហាម៉ាដ ហាសាន់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៥ ថា ពីប្រទេសសមាជិកចំនួន៥ កាលពីដើមដំបូង អាស៊ានឥឡូវនេះមានសមាជិក ១០ប្រទេស និង ១១ប្រទេសនៅក្នុងខែតុលាខាងមុខជាមួយនឹងការទទួលយកប្រទេសទីម័រឡេស្តេជាសមាជិកបន្ថែម។
មន្ត្រីរូបនេះបានកត់សម្គាល់ថា ប្រទេសកាន់តែច្រើនកំពុងដាក់ពាក្យសុំធ្វើជាដៃគូតាមវិស័យនានា និងជាដៃគូសន្ទនារបស់អាស៊ាន។ លើសពីនេះទៀត ប្រទេសជាច្រើនកំពុងតម្រង់ជួរ និងរង់ចាំចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដែលជាជំហានដំបូងសម្រាប់ពួកគេក្នុងការក្លាយជាដៃគូរបស់អាស៊ាន។
ទាក់ទងនឹងបញ្ហាមីយ៉ាន់ម៉ា យោងតាមលោក ម៉ូហាម៉ាដ បានឱ្យដឹងថាអាទិភាពបច្ចុប្បន្នរបស់អាស៊ាន គឺធានាការអនុវត្តពេញលេញនៃមតិឯកភាពប្រាំចំណុចដែលបានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយរួមដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ការតែងតាំងបេសកជនពិសេសអាស៊ាន និងការអនុវត្តពេញលេញនៃមតិឯកភាពប្រាំចំណុច។
ទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន អ្នកការទូតបានសម្តែងការរីករាយដែលអាស៊ានមិនត្រឹមតែឈានដល់ការឯកភាពលើសេចក្តីថ្លែងការណ៍រួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអនុម័តផែនការសកម្មភាពដើម្បីអនុវត្តសំណើដែលដាក់ចេញដោយរដ្ឋជាសមាជិកក្នុងសម័យប្រជុំពិសេស ស្តីពីប៉ាឡេស្ទីន។ លោកបានសង្កត់ធ្ងន់ថា អាទិភាពនាពេលនេះ គឺធានាឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា បើមិនដូច្នោះទេ កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ឬការកសាងឡើងវិញនឹងត្រូវបានកម្រិត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





