សិង្ហបុរីនៅតែជាមជ្ឈមណ្ឌលដឹកជញ្ជូនឈានមុខគេរបស់ពិភពលោកសម្រាប់រយៈពេល ១២ឆ្នាំជាប់ៗគ្នា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ -- សិង្ហបុរីត្រូវបានទទួលស្គាល់ថាជាមជ្ឈមណ្ឌលដឹកជញ្ជូនឈានមុខគេរបស់ពិភពលោកសម្រាប់រយៈពេល១២ឆ្នាំជាប់ៗគ្នា ដោយទទួលបានពិន្ទុ ៩៩,៥០ ក្នុងចំណោម ១០០ពិន្ទុ។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍អភិវឌ្ឍន៍មជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិស៊ីនហួ-បាល់ទិកឆ្នាំ២០២៥ (ISCDI 2025) ដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
របាយការណ៍ប្រចាំឆ្នាំនេះ បានបង្ហាញថា ឥឡូវនេះជាឆ្នាំទី១២ របស់សិង្ហបុរីហើយដែលត្រូវបានចាត់ថ្នាក់ជាមជ្ឈមណ្ឌលដឹកជញ្ជូនឈានមុខគេរបស់ពិភពលោក ដោយផ្អែកទៅលើការវាយតម្លៃដ៏ទូលំទូលាយនៃកត្តាកំពង់ផែ សេវាកម្មអាជីវកម្មប្រកបដោយវិជ្ជាជីវៈ និងបរិយាកាសទូទៅ។
ភាពជោគជ័យដ៏យូរអង្វែងរបស់ប្រទេសសិង្ហបុរីត្រូវបានសន្មតថាជាទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន ទស្សនវិស័យអន្តរជាតិដ៏រឹងមាំ និងប្រព័ន្ធអេកូដែលបានបង្កើតឡើងយ៉ាងល្អនៃសេវាកម្មសមុទ្រប្រកបដោយវិជ្ជាជីវៈ។
លោក អាំង វីកឹង (Ang Wee Keong) នាយកប្រតិបត្តិនៃអាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី បានសន្យាថានឹងបន្តកសាងនូវសន្ទុះនេះដោយនវានុវត្តន៍ និងការវិនិយោគទៅលើឌីជីថលនីយកម្ម បច្ចេកវិទ្យាបៃតងនិងការអភិវឌ្ឍកម្លាំងពលកម្មដើម្បីពង្រឹងជំហររបស់ប្រទេសសិង្ហបុរីជាមជ្ឈមណ្ឌលដែនសមុទ្រអន្តរជាតិដែលអាចទុកចិត្តបាន និងរួចរាល់នាពេលអនាគត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





