រដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងវេទិកាសន្ទនាជាយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹង EAS ជាវេទិកាដឹកនាំដោយមេដឹកនាំសំខាន់ៗសម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ចំពេលដែលមានសក្ដានុពលភូមិសាស្ត្រនយោបាយដែលកំពុងមានការវិវត្ត។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដែលបានចេញបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស EAS លើកទី១៥ បានឱ្យដឹងថាបណ្តារដ្ឋមន្ត្រីទាំងអស់បានគូសបញ្ជាក់អំពីតួនាទីរបស់វេទិកាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចនៅអាស៊ីបូព៌ាស្របតាមធម្មនុញ្ញអាស៊ាន និងសេចក្តីប្រកាសសំខាន់ៗក្នុងតំបន់ រួមទាំងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។
ពួកគេបានរំលឹកឡើងវិញថា EAS ត្រូវតែនៅតែបើកចំហ បរិយាប័ន្ន និងជាមជ្ឈមណ្ឌលអាស៊ាន ខណៈដែលរក្សាបាននូវស្ថាបត្យកម្មតំបន់ផ្អែកលើច្បាប់ដែលមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
កិច្ចប្រជុំនោះក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការជំរុញការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងការធានាបាននូវអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងអាចព្យាករណ៍បាននៅក្នុងចំណោមប្រជាជាតិនានា ដោយគោរពពេញលេញចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី។
ចំពេលដែលមានការផ្លាស់ប្តូរសក្ដានុពលជាសកល បណ្តារដ្ឋមន្ត្រីទាំងអស់បានទទួលស្គាល់នូវភាពបន្ទាន់នៃការពង្រឹងភាពពាក់ព័ន្ធ និងប្រសិទ្ធភាពរបស់ EAS ជាពិសេសនៅពេលដែលកិច្ចប្រជុំកំពូលខិតជិតដល់ខួបលើកទី២០ របស់ខ្លួន។ រដ្ឋមន្ត្រីទាំងនោះបានអះអាងសារជាថ្មីអំពីតួនាទីកណ្តាលរបស់អាស៊ានក្នុងនាមជាអ្នកកោះប្រជុំក្នុងតំបន់សម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្ត្រ និងបានសង្កត់ធ្ងន់ទៅលើតម្លៃនៃវិធានការកសាងទំនុកចិត្ត និងការការពារការទូតក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក។
ពួកគេក៏បានអំពាវនាវឱ្យមានកិច្ចសហការកាន់តែស៊ីជម្រៅតាមរយៈយន្តការដឹកនាំដោយអាស៊ាន និងការរួមផ្សំគ្នាកាន់តែខ្លាំងនៅទូទាំងស្ថាប័នក្នុងតំបន់ដែលមានស្រាប់ ដើម្បីជៀសវាងការចម្លងគ្នា និងលើកកម្ពស់ការស៊ីសង្វាក់គ្នាក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។
EAS ក៏បានសម្តែងការព្រួយបារម្ភចំពោះការអភិវឌ្ឍមួយចំនួននៅក្នុងតំបន់ និងអន្តរជាតិផងដែរ ដោយបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





