អាជ្ញាធរក្រុងច្បារមន សហការជាមួយអង្គការបូដារកម្ពុជា បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន
AKP កំពង់ស្ពឺ៖ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥-- អាជ្ញាធរក្រុងច្បារមន សហការជាមួយអង្គការបូដារកម្ពុជា រួមនឹងសិស្សានុសិស្ស បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន តាមដងផ្លូវជាតិលេខ៤ពីវិទ្យាល័យសុខាផល្លី មកដល់អនុវិទ្យាល័យឆាយឆុប ដឹកនាំដោយលោក អ៊ុង រដ្ឋា អភិបាលរងក្រុង តំណាងលោក ទឹម ផានូ អភិបាលក្រុងច្បារមន មានការចូលរួមពី លោក លោកស្រីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការបូដារកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកពីវិទ្យាល័យសុខាផល្លី និងអនុវិទ្យាល័យឆាយឆុប សរុបប្រមាណជា ២០០នាក់។

ពិធីនេះប្រារពធ្វើនៅបរិវេណវិទ្យាល័យ សុខាផល្លី និងឆ្ពោះទៅអនុវិទ្យាល័យ ឆាយ ឆុបកាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥។
លោក អ៊ុង រដ្ឋា អភិបាលរងក្រុងច្បារមន បានលើកឡើងថា ស្របតាមចក្ខុវិស័យ និងផែនការតាមវិស័យរបស់ក្រុងច្បារមនឆ្នាំ២០៤០ ព្រមទាំងលទ្ធផលនៃការសិក្សា ចំណុចខ្វះចន្លោះលើការអនុវត្តយន្តការគ្រប់គ្រងសំរាមសំណល់រឹងក្នុងក្រុងកន្លងមក អង្គការបូជាកម្ពុជាបាន រអនុវត្តសកម្មភាពចុះអប់រំផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋានអំពីផលប៉ះពាល់ និងការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានចំណេះដឹងទូលំទូលាយ និងរួមគ្នាអនុវត្ត ការគ្រប់គ្រងសំរាមសំណល់រឹងក្នុងក្រុងឱ្យមានប្រសិទ្ធភាព។

ដើម្បីចូលរួមចំណែកដល់ការអនុវត្តផែនការទាំងនេះឱ្យបានជោគជ័យ អង្គការបូជាកម្ពុជានឹងរៀបចំ "យុទ្ធនាការសម្អាតបរិស្ថាន” ក្នុងគោលបំណងសម្អាតបរិស្ថានតាមដងផ្លូវ និងលើកកម្ពស់ការចូលរួមរបស់ ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ព្រមទាំងផ្សារភ្ជាប់ការអប់រំផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម សំណល់រឹងយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ ធ្វើឱ្យក្រុងច្បារមន ក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ រុក្ខជាតិខៀវខ្ចី ផ្កាចម្រុះពណ៌ និងបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថាន ដល់សាធារណជនក្នុងគោលបំណងបង្កើនបរិស្ថានស្អាត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។

លោកបានបន្ថែមទៀតថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសំអាតអនាម័យបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន ត្រូវធ្វើការផ្សព្វផ្សាយទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឱ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។ ការផ្លាស់ប្តូរឥរិយាបទ និងអាកប្បកិរិយាមនុស្សក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក ជារឿងចាំបាច់បំផុត ព្រោះការបំពុលដោយប្លាស្ទិក ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនោះកំពុងគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីផងដែរ៕
ដោយ៖ លឹម សាន





