កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥--រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២៦-២០២៨) ក្រោមអធិបតីភាព ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត លោក ងួន ឡាញ់ នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គភាពជុំវិញខេត្ត លោក លោកស្រីរដ្ឋបាលក្រុង ស្រុក សរុបប្រមាណជា ១១០ រូប ពិធិនេះដែរប្រារព្ធធ្វើនៅអគារប្រជុំ យឹម សុខុម នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តម សុន ជា មានប្រសាសន៍ថា នៅក្នុងជំហានទី១ នៃការរៀបចំកសាងកម្មវិធីវិនិយោគគឺការប្រមូលធាតុចូល ដែលជាការងារសំខាន់សម្រាប់ការចាប់ផ្ដើម ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា តែអ្វីដែល សំខាន់ជាងនេះទៀតនោះគឺការចូលរួមកិច្ចសហការល្អ និងការទទួលខុសត្រូវរបស់លោក លោកស្រីប្រធានមន្ទីរ អង្គភាព ដែលជាកត្តាសំខាន់ និងចាំបាច់ក្នុងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ។

ក្នុងកិច្ចប្រជុំនោះដែរលោក ងួន ឡាញ់ បានលើកឡើងថា កិច្ចការនេះសំខាន់ណាស់ ស្នើឱ្យប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុកទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់តាមដាន ចូលរួមរៀបចំផែនការសកម្មភាពរបស់អង្គភាពលោក លោកស្រី ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ដើម្បីឱ្យក្លាយទៅជារដ្ឋបាលឯកភាពមួយ បម្រើផលប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ ហើយឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដំណើរការ កសាងត្រូវមានលក្ខណៈជាប្រព័ន្ធ គឺការណែនាំផ្សព្វផ្សាយត្រូវអនុវត្តន៍ពីថ្នាក់ខេត្តទៅថ្នាក់ក្រុង ស្រុក ហើយក្រុង ស្រុកត្រូវណែនាំបន្តទៅឃុំ សង្កាត់ រីឯដំណើរការរៀបចំបំពេញទម្រង់នានាវិញ ត្រូវចាប់ផ្ដើមពីឃុំ សង្កាត់មកមុន ដូច្នេះបើសិនជាមានការយឺតយ៉ាវនៅថ្នាក់ណាមួយនោះ នឹងនាំឱ្យមានការយឺតយ៉ាវជាប្រព័ន្ធមិនខាន។

លោក ងួន ឡាញ់ នាយករងរដ្ឋបាលបានបន្ថែមថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលចាប់ផ្ដើមអាណត្តិរបស់ក្រុមប្រឹក្សាគ្រប់ថ្នាក់ ត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ដោយកំណត់នូវគោលនយោបាយ ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីវិនិយោគជារៀងរាល់ឆ្នាំ។ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវអនុវត្តន៍៣ជំហាន គឺទី១- ការប្រមូលធាតុចូល, ទី២- ការរៀបចំសេចក្ដីព្រាងកម្មវិធីវិនិយោគ, និងទី៣- ការពិនិត្យអនុម័ត និងផ្សព្វផ្សាយកម្មវិធីវិនិយោគ៕
ដោយ៖ លឹម សាន





