បិទបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញវត្ថុរារាំងរបស់កងពលធំអន្តរាគមន៍លេខ៣
AKP ព្រះវិហារ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ --លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី១ អញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញវត្ថុរារាំង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅកងពលធំអន្តរាគមន៍លេខ៣ ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង យកអស់ពីកំលាំងកាយ ចិត្ត របស់ក្រុមការងារ ជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក៏ដូចជាគណៈគ្រប់គ្រងវគ្គ ព្រមទាំងសិក្ខាម ជំនាញពាន់ព័ន្ធទាំងអស់ ដែលបានចូលរួមអស់រយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងយកចិត្តទុក ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាប់តាំងពីថ្ងៃបើករហូតដល់ថ្ងៃបញ្ចប់វគ្គ ដែលធ្វើអោយការងារហ្វឹកហាត់ ទទួលបានជោគជ័យ និងមានលទ្ធផលល្អប្រសើ គួរជាទីគាប់ចិត្ត ។

លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ជួយសម្រួលនិងដោះស្រាយ រាល់តម្រូវការចាំបាច់នានាៗ របស់គណៈបញ្ជាការឯកភាពសមរភូមិមុខ ក៏ដូចជាកងពលធំអន្តរាគមន៍លេខ៣ នាពេលកន្លងមក និងនៅពេលនេះ ។


លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក៏បានផ្តាំផ្ញើរដល់ប្អូនៗជា សិក្ខាកាម ដែលបានបញ្ចប់នាពេលនេះ ពេលវិលត្រឡប់ទៅតាមអង្គភាពខ្លួនវិញ ត្រូវខិតខំប្រឹងប្រែងបំពេញ និងអនុវត្តការងាររបស់ខ្លួន អោយបានល្អប្រសើរ ពិសេសត្រូវយកចំណេះដឹង និងជំនាញទាំងឡាយ ដែលប្អូនៗបានក្រេបជញ្ជក់នៅក្នុងវគ្គហ្វឹកហ្វឺននេះ ទៅបំរើនិងជួយអង្គភាពរបស់ខ្លួន អោយអស់ពីលទ្ឋភាព ទៅតាមជំនាញ និងចំណេះដឹង ដែលប្អូនៗ ក្មួយៗមានយកទៅផ្សព្វផ្សាយបន្តដល់មិត្តរួមអាវុធឲ្យបានយល់ និងចេះដឹង ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ៕
ដោយ៖ ទិត ស្រ៊





