ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines និង Air Cambodia ចុះអនុស្សរណៈ ដើម្បីពង្រឹងការធ្វើដំណើរ និងពាណិជ្ជកម្មអាហ្វ្រិក-កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines និង Air Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ដើម្បីបង្កើនការតភ្ជាប់ និងលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងទ្វីបអាហ្វ្រិក និងកម្ពុជា។
អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយ លោក អេង ម៉ូលីណា ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងលោក Lemma Yadecha Gudeda ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ហើយអនុស្សរណៈនេះបានបង្ហាញអំពីផែនការហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុង Addis Ababa និងបង្កើតគំនិតផ្តួចផ្តើមរួមគ្នាដើម្បីផ្តល់នូវបទពិសោធធ្វើដំណើរកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរនឹងអភិវឌ្ឍទៅជាដៃគូ codeshare នាពេលអនាគតដ៏ខ្លីសម្រាប់ផ្លូវសំខាន់ៗមួយចំនួនរវាងទីក្រុងភ្នំពេញ ហាណូយ / ហុងកុង / ក្វាងចូវ / សិនចិន និង Addis Ababa ហើយកិច្ចសហប្រតិបត្តិការនេះក៏គ្របដណ្តប់លើការដឹកជញ្ជូនទំនិញផ្លូវអាកាស សេវាកម្មនៅលើដី និងការគាំទ្រផ្នែកទីផ្សារផងដែរ។
ភាពជាដៃគូយុទ្ធសាស្ត្រនេះ មានគោលបំណងទាក់ទាញអ្នកទេសចរ និងវិនិយោគិនអាហ្រ្វិកកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា តាមរយៈការផ្តល់ភាពងាយស្រួល និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ៕



ដោយ AKP (ប្រភព៖ Air Cambodia)





