ក្រសួងផែនការអបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣៦និងការផ្សព្វផ្សាយឯកសារជំនួយស្មារតីគោលនយោបាយ និងរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥--
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣៦, ការផ្សព្វផ្សាយឯកសារជំនួយស្មារតីគោលនយោបាយ និងរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោក នៅសណ្ឋាគារទន្លេបាសាក់២ រាជធានីភ្នំពេញនារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ពិសេសនាថ្ងៃនេះ ត្រូវបានសហការរៀបចំឡើងដោយក្រសួងផែនការ និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា សហការគ្នារៀបចំព្រឹត្តិការណ៍បីរួមគ្នាគឺ៖
ទី១- អបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣៦,
ទី២- ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារជំនួយស្មារតីគោលនយោបាយស្តីពីការរៀបចំផែនការឌីណាមិកប្រជាជនកម្ពុជាដែលកំពុងវិវត្តដើម្បីភាពធន់ប្រជាជនគ្រប់វ័យ,
ទី៣- បង្ហាញពីសូចនាករគន្លឹះនៃរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំនូវព្រឹត្តការណ៍ទាំងបីរួមគ្នានេះ គឺក្នុងគោលបំណងដើម្បីក្រើនរំលឹកដល់ប្រជាជនគ្រប់រូប គ្រប់វ័យ គ្រប់ជាតិសាសន៍ រួមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ឱ្យផ្តោតការយកចិត្តលើបញ្ហាប្រជាជនដោយចាត់ទុកប្រជាជនជាស្នូលនៃការអភិវឌ្ឍ, ឆ្លុះបញ្ចាំងអំពីបញ្ហាគន្លឹះនៃបម្រែបម្រួលប្រជាសាស្រ្តដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបង្ហាញពីភាពចាំបាច់ក្នុងការរៀបចំគោលនយោបាយប្រជាជននិងអភិវឌ្ឍន៍ ដោយផ្អែកលើភស្តុតាងជាក់លាក់។
ក្នុងឆ្នាំនេះ ក្រសួងផែនការ និង UNFPA បានឯកភាពគ្នាបង្កើតប្រធានបទមួយសម្រាប់ជាតិ ដែលប្រធានបទនេះមានទំនាក់ទំនងនឹងប្រធានបទសកល និងផ្សារភ្ជាប់នឹងស្ថានភាពប្រជាសាស្រ្តជាក់ស្តែងក្នុងបរិបទកម្ពុជា គឺ “ការត្រៀមរៀបចំសម្រាប់អនាគត : ការពង្រឹងភាពអង់អាចដល់យុវជនកម្ពុជាសម្រាប់គ្រួសារប្រកបដោយភាពធន់ និងអនាគតដែលពោរពេញដោយសមធម៌”។
ការបង្កើតឱ្យមានប្រធានបទសម្រាប់ជាតិនេះ គឺដើម្បីបង្ហាញពីការបេ្តជ្ញាចិត្តប្រកបដោយបុរេសកម្ម និងចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រជាជន និងបម្រែបម្រួលប្រជាសាស្រ្ត ដូចជា កំណើនប្រជាជន ការថយចុះនៃអត្រាលទ្ធភាពមានកូន អត្រាមរណភាព ទេសន្តរប្រវេសន៍និងនគរូបនីយកម្ម ការកើនឡើងនៃប្រជាជនវ័យចាស់ ជាដើម ដែលបញ្ហាទាំងនេះបាននិងកំពុងជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមទៀតថា៖ តាមរយៈរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ២០២៥ បង្ហាញថា បច្ចុប្បន្ននេះ អត្រាកំណើនប្រជាជនពិភពលោកកំពុងថយចុះ ដោយសារការថយចុះខ្លាំងនៃអត្រាលទ្ធភាពមានកូននៅបណ្តាប្រទេសជាច្រើនក្នុងតំបន់ខ្លះនៃពិភពលោក ដែលនេះបានធ្វើឱ្យអ្នកនយោបាយ និងអ្នកវិភាគក្នុងវិស័យព័ត៌មានមួយចំនួនបានបញ្ចេញនូវទស្សនៈព្រួយបារម្ភខ្លាំងអំពី “ការថយចុះ ឬការថយចុះខ្លាំងនៃចំនួនប្រជាជន” ឬរហូតដល់ “ការបាត់បង់ពូជមនុស្ស”។
បញ្ហាទាំងនេះ ត្រូវបានគេដាក់បន្ទុកខ្លាំងទៅលើយុវជន ដោយសារតែយុវជនជាអ្នកបង្កើតគ្រួសារនិងការមានកូន និងអ្នកដែលមានកាតព្វកិច្ចក្នុងការតាក់តែងគោលនយោបាយប្រជាជនថា មិនបានខ្វាយខ្វល់អំពីអនាគតនៃចំនួនប្រជាជន។ ផ្ទុយពីទស្សនៈខាងលើនេះ ការស្ទង់មតិរបស់ UNFPA និង YouGov ថ្មីៗនេះ ដែលត្រូវបានធ្វើលើមនុស្សជាង ១៤ ០០០នាក់ ក្នុង ១៤ប្រទេស បង្ហាញថា ភាគច្រើននៃអ្នកចូលរួមការស្ទង់មតិ មានបំណងចង់មានកូនច្រើន ប៉ុន្តែពួកគេមិនអាចសម្រេចបាននោះទេ ដោយសារបញ្ហាសង្គម ហិរញ្ញវត្ថុ និងសុខភាព រួមទាំងការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជាចំពោះអនាគតរបស់ខ្លួន ដោយសារបញ្ហាបរិស្ថាន អស្ថេរភាពសេដ្ឋកិច្ច និងការកើនឡើងនៃជម្លោះសាកល។ ទោះជាយ៉ាងនេះក្តី ប្រជាជនកម្ពុជា នឹងនៅបន្តកើនឡើងក្នុងមួយរយៈពេលវែងទៅមុខទៀត ថ្វីត្បិតតែល្បឿននៃកំណើនកំពុងថយចុះបន្តិចម្តងៗ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការប្រារព្វទិវាប្រជាជន បានក្លាយជាវេទិកាដែលមិនអាចខ្វះបាន ក្នុងការបង្កើនការយល់ដឹងជាសាធារណៈ និងជំរុញកិច្ចសន្ទនាទូទាំងប្រទេសពីបញ្ហាប្រជាជននិងអភិវឌ្ឍន៍ ព្រមទាំងការគិតគូរអំពីការដាក់ចេញនូវគោលនយោបាយឆ្លើយតបសមស្រប និងទាន់ពេលប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវគុណភាពជីវិតនិងសុខុមាលភាពរបស់ប្រជាជន និងភ្នាក់ងារសុខភាពបន្តពូជជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា និងដើម្បីជំរុញការរីកចម្រើនគ្រប់ជំនាន់នាពេលអនាគត។
តាមរយៈវេទិកានេះដែរ កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នូវអភិក្រមសម្លឹងទៅមុខវែងឆ្ងាយចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ការពង្រឹងទំនាក់ទំនងអន្តរជំនាន់ និងការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងបម្រែបម្រួលប្រជាសាស្រ្ត ទាំងនាពេលបច្ចុប្បន្ន ទាំងនាពេលអនាគត ប្រកបដោយចក្ខុវិស័យជាយុទ្ធសាស្រ្ត ដើម្បីកសាងសង្គមមួយដែលមានភាពធន់ប្រជាសាស្រ្ត ក្នុងការពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រម្ពុជា តាមរយៈសារលិខិតដ៏ថ្លៃថ្លារបស់សម្តេច ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៦ បានបង្ហាញពីចក្ខុវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការបង្កើនការវិនិយោគលើប្រជាជនវ័យក្មេង ដោយផ្តោតលើការអប់រំ ការអភិវឌ្ឍជំនាញបច្ចេកទេស ការបង្កើតការងារសមរម្យ និងការលើកកម្ពស់សុខភាព។
គួររំលឹកថា ចាប់ពីឆ្នាំ១៩៩០មក ក្រុមប្រឹក្សាភិបាល នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំ នៅថ្ងៃទី១១ ខែកក្កដា ក្នុងគោលបំណងដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រជាជននៅក្នុងពិភពលោក ក្នុងតំបន់ និងក្នុងបណ្តាប្រទេសជារដ្ឋសមាជិក និងឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងប្រជាជននិងអភិវឌ្ឍន៍។ ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិ បានដាក់ចេញនូវប្រធានបទផ្សេងៗគ្នាសម្រាប់ទិវាប្រជាជនពិភពលោក ដោយផ្អែកលើស្ថានភាពប្រសាស្រ្តដែលជាបញ្ហាត្រូវដោះស្រាយបន្ទាន់។

ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ ក៏បានអំពាវនាវដល់បណ្តារដ្ឋភាគីទាំងអស់ឱ្យប្រារព្ធទិវាប្រជាជនពិភពលោកនៅតាមបណ្តាប្រទេសរៀងៗខ្លួន ដើម្បីរំលឹកនិងបន្តផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាប្រជាជន និងបម្រែបម្រួលប្រជាសាស្រ្ត ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននិងនាពេលអនាគត និងចាត់ទុក “ប្រជាជនជាមធ្យោបាយនៃការអភិវឌ្ឍផង និងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង”។
ប្រធានបទនៃទិវាប្រជាជនពិភពលោកឆ្នាំ២០២៥នេះ គឺផ្តោតលើ “ការពង្រឹងភាពអង់អាចដល់ប្រជាជនវ័យក្មេង ក្នុងការបង្កើតគ្រួសារដែលពួកគេប្រាថ្នាក្នុងពិភពលោកមួយដែលមានសមធម៌និងក្តីសង្ឃឹម”៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងផែនការ)





