សិក្ខាសាលាស្តីពីកាតព្វកិច្ចរបស់និយោជកលើការអនុវត្តការចុះបញ្ជិកាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥-- លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពីកាតព្វកិច្ចរបស់និយោជកលើការអនុវត្តការចុះបញ្ជិកាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ នៅខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ តំណាង ម.ជ.ព តំណាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោកប្រធានមន្ទីរ ស.អ.យ. ខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសមាគម (TAFTAC) តំណាងសមាគម (CFA) និងតំណាង ក្រុមហ៊ុន រោងចក្រ សហគ្រាស វិស័យឯកជន ចូលរួមសរុបចំនួនប្រមាណ ១៥០នាក់ ប្រព្រឹត្តទៅនៅ សាលាខេត្តស្វាយរៀង។

ក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ លៀង ស្រីម៉ុល បានផ្តល់នូវអនុសាសន៍មួយចំនួន៦ចំណុច៖ ទី១. ស្នើគ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ទាំងអស់បន្តចូលរួមក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទី២. ស្នើដល់គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន បំពេញកាតព្វកិច្ចចុះបញ្ជិកា និងបន្តសុពលភាពវិញ្ញាបនបត្រ ជាមួយក្រសួង ឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ទី៣. គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ត្រូវរៀបចំផែនការ និងជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបានគ្រប់អត្រាកំណត់នៃច្បាប់ ១ភាគរយ។ ទី៤. ផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិត ដែលមានពិការភាព ទៅសម្ភាសអត្តសញ្ញាណកម្មពិការភាព នៅតាម ឃុំ សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា។ ទី៥. រៀបចំ ឬកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព នៅតាមស្ថាប័នរបស់ខ្លួនឱ្យបានសមស្រប និងទី៦. ផ្តល់ការលើកទឹកចិត្តសមស្របដល់ជនមានពិការភាពដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានរបស់ខ្លួន។


លោក ញ៉ែម សារី អភិបាលរងខេត្តខេត្តស្វាយរៀង បានលើកឡើងថា ខេត្តស្វាយរៀងជាខេត្តដែលមានសក្តានុពល និងជាខេត្តដែលមានតំបន់សេដ្ឋកិច្ចច្រើនជាងគេ មានក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានបុគ្គលិក កម្មករ និយោជិត ចាប់ពី១០០នាក់ឡើងទៅ មានប្រមាណ ១៧០ទីតាំង៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





