អាជ្ញាធរទន្លេសាប និងធនាគារពិភពលោក ធ្វើទស្សនកិច្ចទៅកាន់តំបន់រ៉ាមសារព្រែកទាល់
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥-- លោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក (WB) និង ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ អមដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប បានធ្វើដំណើរទស្សនកិច្ចសិក្សារួមគ្នារវាងអាជ្ញាធរទន្លេសាប និងធនាគារពិភពលោកទៅកាន់តំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងភូមិសាស្រ្តតំបន់បឹងទន្លេសាប ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

គោលបំណងនៃទស្សនកិច្ចសិក្សានេះគឺដើម្បីសិក្សាស្វែងយល់ពីសក្តានុពលជីវៈចម្រុះ អេកូទេសចរណ៍ បរិស្ថានទឹក ព្រមទាំងស្ថានភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាប្រឈមរបស់ប្រជាជនរស់នៅក្នុងភូមិបណ្តែកទឹក ដើម្បីកំណត់រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់និរន្តរភាពតំបន់ទន្លេសាបក្រោមកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងធនាគារពិភពលោក។


សូមជម្រាបថា តំបន់រ៉ាមសាព្រែកទាល់ជាតំបន់គោលដៅទេសចរណ៍ ជាបន្ទាយពងកូនសត្វស្លាបទឹក ជាទីជម្រករបស់សត្វស្លាបទឹកដ៏ធំជាងគេក្នុងប្រទេសកម្ពុជា និងជាតំបន់ដែលសម្បូរធនធាន និងជីវៈចម្រុះច្រើនប្រភេទ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





