ទីប្រឹក្សាផ្ទាល់សម្ដេចធិបតីនាយករដ្ឋមន្រ្តីលើកឡើងថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្ត នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល
AKP តាកែវ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្ត នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។ ការលើកឡើងរបស់ឯកឧត្ដមបែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំគម្រោងសាងសង់សាលារៀន ១ខ្នង ពីរជាន់ មាន ៦បន្ទប់ ដែលមានទទឹង ៩ម៉ែត្រ បណ្តោយ ២១ម៉ែត្រ កម្ពស់ ៧ម៉ែត្រកន្លះ និងជួសជុលបង្អួចអាគារចាស់មួយចំនួន មានទីតាំងស្ថិតនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួម ពីលោកអភិបាលស្រុកកោះអណ្ដែត តំណាងលោកមេឃុំរមេញ និងលោកមេភូមិ សំរោង ព្រមទាំងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ ។


ឯឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បាននាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលលោកទាំងពីរ តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិតបានថ្លែងថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្តនៃយុទ្ធសាស្ត្របច្ចកោណនៃរាជរដ្ឋាភិ បាលអាណត្តិទី៧នេះ។
ឯកឧត្ដមបណ្ឌិត ក៏បានលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់ផ្តោតលើការបង្រៀន ដោយប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ ប្រែក្លាយយុវជនកម្ពុជាជំនាន់ក្រោយ ទៅជាកម្លាំងចលករដ៏មានសក្តានុពល ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ឱ្យរីកចម្រើនប្រកបដោយចីរភាព ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់ក្រុមការងារក្នុងការសិក្សាអំពីទីតាំងឱ្យបានច្បាស់លាស់ និងសមស្របសម្រាប់កសាងអគារសិក្សា ដើម្បីធានាដល់គុណភាព និងស្តង់ដារត្រឹមត្រូវ ហើយបន្ទាប់ពីកំណត់ទីតាំងរួច ក្រុមវិស្វករ និងមកសិក្សាបន្ថែម ព្រមទាំងគូរប្លង់ ដើម្បីចាប់ផ្តើមការសាងសង់ឱ្យបានឆាប់ សម្រាប់បំពេញតម្រូវការសិក្សា របស់កូនចៅប្រជាពលរដ្ឋ ។


សូមបញ្ជាក់ថា សាលារៀនថ្មី ១ខ្នង ដែលត្រៀមនឹងសាងសង់នេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ជូនដល់ប្រជាពលរដ្ឋ នៃភូមិសំរោង ដែលនឹងផ្ដល់ឱកាសដល់កូនចៅ អាចទទួលបានការសិក្សាអប់រំ កាន់តែងាយស្រួល និងកាត់បន្ថយការធ្វើដំណើរឆ្ងាយពីផ្ទះ ៕

ដោយ៖ រិទ្ធី រូបថត៖ រតនា





