ភូមិចំនួន១៨ ក្នុងស្រុកពញាឮ បិទផ្សាយឯកសារនៃការវិនិច្ឆ័យក្បាលដីជូនប្រជាពលរដ្ឋ
AKP កណ្ដាល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ គឺជាព័ត៌មានជាក់លាក់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងឡាយដែលមានក្បាលដីនៅក្នុងតំបន់នេះ សូមអញ្ជើញមកពិនិត្យលើទិន្នន័យក្បាលដីរបស់ខ្លួនថាតើត្រឹមត្រូវពិតប្រាកដដែរឬទេបើមានកំហុសឆ្គងដោយប្រការណាមួយ សូមរាយការណ៍មកមន្ត្រីដែលនៅប្រចាំការដើម្បីកែតម្រូវ ឱ្យមានភាពត្រឹមត្រូវពិតប្រាកដ។

នេះជាប្រសាសន៍របស់លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល ក្នុងពិធីបិទ្យផ្សាយជាសាធារណៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន១៨ភូមិ គឺភូមិដងគោម ភូមិថ្នល់បត់ ភូមិសសី ភូមិចុងកោះ ភូមិកំពង់រទេះ ភូមិតាពៅ ឃុំកោះចិន ភូមិសង្វរ ភូមិពាមជំនីក ឃុំកំពង់លួង ភូមិត្រពាំងរបង ភូមិត្បូងវត្ត ភូមិតាគោ ភូមិទួលព្រិច ឃុំជ្រៃលាស់ ភូមិព្រៃគោល ឃុំឈ្វាំង ភូមិផ្សារដែកលើ ភូមិផ្សារដែកក្រោម ឃុំផ្សារដែក ភូមិបន្ទាយតូច ភូមិស្រះពោធិ៍ និងភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលមានទីតាំងនៅសាលាស្រុកពញាឮ។

លោកអភិបាលរងខេត្ត បានឱ្យដឹងថា ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តបច្ចកោកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធនេះមានរយៈពេល១៥ថ្ងៃដើម្បីឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីក្នុងតំបន់វិនិច្ឆ័យ មកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនអោយបានត្រឹមត្រូវហើយប្រសិនបើមិនទាន់ត្រឹមត្រូវអាចប្តឹង ជំទាស់ដើម្បីសើរើពិនិត្យមើលឡើងវិញ ដូចជាឈ្មោះ ព្រំប្រទល់ក្បាលដី ប្រភេទទ្រព្យជាដើម។
ការបិទផ្សាយនៃការចុះបញ្ចីដីធ្លី ក្នុងភូមិ១៨ភូមិនេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក្នុងជីវភាពរស់នៅ និងបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើ ប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ផ្អែកលើបណ្ណកម្មសិទ្ធិដែលទទួលបាន។

តាមរបាយការណ៍របស់ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា សម្រាប់ភូមិទាំង១៨ដែលមន្ទីរបិទផ្សាយជូនដល់ប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនាពេលនេះ មានក្បាលដីសរុបមានចំនួន ១៤ ៩៤២ ក្បាលដី ដោយគិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ចំពោះស្រុកពញាឮ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន២៤លើករួចហើយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





