មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំនឹងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុង ភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- នៅសាលប្រជុំខេត្តនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំប្រជុំរៀបចំកម្មវិធីពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជនដោយក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

លោក ងួន រាសី បានលើកឡើងពីការរៀបចំដោយប្រគល់ភារកិច្ចជូនមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ទទួលរៀបចំ រោង តុ កៅអី ដោយសហការជាមួយក្រុមគ្រូពេទ្យកូរ៉េ។ ធ្វើប័ណ្ណសរសើរជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ក្រុមនិស្សិតសាកលវិទ្យាល័យជាតិមានជ័យ និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដោយដំឡើងបញ្ជីឈ្មោះតាមក្រុម និងធ្វើបណ្ណសរសើរឱ្យបានរួចរាល់មុនកម្មវិធី ចាត់តាំងមន្ត្រីប្រចាំការនៅកន្លែង។ ចាត់មន្ត្រី០៣នាក់នៅប្រចាំការ និងសម្របសម្រួលការងារ ជាមួយមន្ទីរពេទ្យខេត្ត ទទួលរៀបចំកន្លែងអង្គុយរបស់អ្នកជំងឺ និងធ្វើបណ្ណលេខរៀងអ្នកជំងឺ។ ចៅសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ទទួលផ្សព្វផ្សាយ ជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានជំងឺពិតប្រាកដឱ្យទៅព្យាបាល និងត្រៀម មធ្យោបាយដឹកជញ្ជូនអ្នកជំងឺក្នុងមូលដ្ឋានរៀងៗខ្លួន។ សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវសហការជាមួយក្រុមនិស្សិតសាកលវិទ្យាល័យជាតិមានជ័យ សម្របសម្រួល អ្នកជំងឺ ចូលទៅកាន់បន្ទប់ព្យាបាលជំងឺ និងភារកិច្ចផ្សេងៗតាមការចង្អុលបង្ហាញរបស់មន្ទីរសុខាភិបាល។ ចាត់តាំងមន្ត្រី ប្រចាំការ និងចាំសម្របសម្រួលជាមួយមន្ទីរសុខាភិបាល សម្រាប់អ្នកជំងឺធ្ងន់ធ្ងរ ឬអ្នកជំងឺដែលមានពិការភាព។ ការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ទីតាំងទុកដាក់ កង់ ម៉ូតូ និងមធ្យោបាយធ្វើដំណើរផ្សេងៗ របស់អ្នកជំងឺ។ការរក្សាសន្តិសុខ សុវត្ថិភាពរបស់ក្រុមគ្រូពេទ្យកូរ៉េ និងក្រុមនិស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ ទីតាំងស្នាក់នៅ និងកន្លែងហូបចុក ប្រគល់ភារកិច្ចជូនស្នងការនគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងរៀបចំផែនការការពារ។

សូមជម្រាបជូនប្រជាពលរដ្ឋដែលមានជំងឺសូមអញ្ជើញមកពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលពិនិត្យនិងព្យាបាលដោយក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តយ្យងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នាពេលខាងមុខនេះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ៕



ដោយ ស៊ុម វណ្ណា





