ពិធីរាប់បាត្រប្រគេនព្រះសង្ឃ២០០អង្គ និមន្តគោចរបិណ្ឌបាត្រជុំវិញផ្សារកំពង់ស្ពឺ នាបុណ្យវិសាខបូជា
AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំខេត្តពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នាំគ្នារៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃ២០០អង្គ និមន្តគោចរបិណ្ឌបាត្រជុំវិញផ្សារកំពង់ស្ពឺ ក្នុងក្រុងច្បារមន នាព្រឹកថ្ងៃសុក្រទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលជាពិធីបុណ្យវិសាខបូជា។

ឯកឧត្តម យឹម សុខុម បានមានប្រសាសន៍ថា វិសាខបូជាគឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩។

ការប្រារព្ធពិធីបុណ្យវិសាខបូជាគឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះ គឺការប្រសូត ការត្រាស់ដឹង និងការចូលនិព្វាន។ ក្នុងនាមយើងជាប្រជាពុទ្ធបរិស័ទ កាន់ព្រះពុទ្ធសាសនាត្រួវចូលរួមចំណែកតម្កល់ចិត្ត កសាងសទ្ធាជ្រះថ្លាក្នុងវិស័យពុទ្ធសាសនាគ្រប់ៗគ្នា កសាងអំពើល្អ មិនបៀតបៀនអ្នកដទៃ ដើម្បីសេចក្តីសុខក្នុងវិស័យសាសនា និងសង្គមជាតិទាំងមូល៕



ដោយ លឹម សាន្ត





