កិច្ចប្រជុំពិភាក្សាសភាពការណ៍ពលករឆ្លងដែន និងការពង្រឹងសន្តិសុខតាមព្រំដែនកម្ពុជា-ថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ច បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យ និងប្រជុំពិភាក្សាការងារយ៉ាងស៊ីជម្រៅនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីក្តាប់សភាពការណ៍ជាក់ស្តែង ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងដោះស្រាយបញ្ហាប្រឈមនានារបស់ពលករឆ្លងដែន តាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីលោក លៀម សុដា និងលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងឯកឧត្តម លោកជំទាវ គណៈប្រតិភូគណៈកម្មការចំពោះកិច្ច កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមបណ្តាច្រកទ្វារព្រំដែន។ ច្រកទ្វារព្រំដែនគឺជាទ្វារមាសសម្រាប់ពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ ក៏ដូចជាជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើបញ្ហាប្រឈមនានាដែលពលករឆ្លងដែនកំពុងជួបប្រទះ រួមមានបញ្ហាហិង្សា ការជួញដូរមនុស្ស និងការងារខុសច្បាប់ជាដើម។ ឯកឧត្តមបានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ពលករ។

ជាការឆ្លើយតប លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់គណៈកម្មការចំពោះកិច្ច។ លោកបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងនៅតាមព្រំដែន រួមទាំងការសម្របសម្រួលជាមួយភាគីថៃ។ លោកក៏បានលើកឡើងពីរបាយការណ៍សកម្មភាព និងលទ្ធផលការងារសម្រេចបាននៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងរយៈពេលកន្លងមក ដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្លាំងចម្រុះក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់។

ក្នុងកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន រួមមាន លំហូរពលករឆ្លងដែនមិនទៀងទាត់ ដែលធ្វើឱ្យការគ្រប់គ្រងមានការលំបាក។ ការជ្រៀតចូលនៃបទល្មើសឆ្លងដែនដូចជាគ្រឿងញៀន ការជួញដូរមនុស្ស និងទំនិញគេចពន្ធ។ កង្វះការយល់ដឹងរបស់ពលករអំពីនីតិវិធីនៃការធ្វើដំណើរ និងការងារស្របច្បាប់។ បញ្ហាប្រឈមក្នុងការសម្របសម្រួល ជាមួយភាគីថៃក្នុងករណីខ្លះ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ ឯកឧត្តម សៀក សុជាតិ បានស្នើឱ្យមានការពង្រឹងយន្តការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ជាពិសេសជាមួយភាគីថៃ។ ឯកឧត្តមក៏បានជំរុញឱ្យមានការបង្កើនការអប់រំផ្សព្វផ្សាយដល់ពលករអំពីច្បាប់ និងនីតិវិធីនៃការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងស្របច្បាប់។ បន្ថែមពីនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៅតាមបណ្តោយព្រំដែន ក៏ជាចំណុចគន្លឹះមួយក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានបញ្ចប់ដោយលទ្ធផលជាវិជ្ជមាន ដែលភាគីពាក់ព័ន្ធបានប្តេជ្ញាចិត្តបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរនៅតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ។ ការយកចិត្តទុកដាក់លើសុវត្ថិភាព និងផលប្រយោជន៍របស់ពលករឆ្លងដែន គឺជាអាទិភាពចម្បងមួយ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕
ដោយ ឈុន សារ៉ាត





