ក្រុមការងារក្រសួងកសិកម្ម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះវាយតម្លៃផលប៉ះពាល់ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមការងារអន្តរក្រសួង ដែលរួមមានតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពទឹកជំនន់ភ្លៀង និងផលប៉ះពាល់ដំណាំស្រូវនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួងកសិកម្ម និងឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។

តាមការសង្កេតផ្ទាល់របស់ក្រុមការងារ ឯកឧត្តម ស្រ៊ុន សុខុម បានគូសបញ្ជាក់ថា បរិមាណទឹកភ្លៀងនៅដើមរដូវឆ្នាំនេះមានច្រើនជាងឆ្នាំមុនៗ ដែលបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវដែលទើបដាំដុះ។ ឃុំភ្នំតូច និងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ឃុំភ្នំតូចរងផលប៉ះពាល់ ១១៧ ហិកតា ជាពិសេសនៅចំណុចវាលសារ៉ាយ និងវាលបិតប្រណាក រីឯឃុំអូរប្រាសាទ ប៉ះពាល់ ១៦៧ ហិកតា នៅចំណុចវាលថ្ងាន់ទ្រេត។ ដំណាំស្រូវភាគច្រើននៅតំបន់ទាំងនេះកំពុងលូតលាស់ល្អ លើកលែងតែស្រែដែលទើបព្រោះថ្មីៗ អាចប្រឈមនឹងការខូចខាតប្រសិនបើមិនមានការបូមទឹកចេញទាន់ពេល។ ចំពោះស្រែទំនាបដែលមានទឹកដក់ជ្រៅ កសិករនឹងត្រូវរង់ចាំធ្វើការដាំដុះឡើងវិញក្នុងខែកក្កដានេះ ប្រសិនបើស្ថានភាពអាកាសធាតុអំណោយផល និងទឹកស្រកអស់។ ក្នុងករណីមានភ្លៀងបន្តបន្ទាប់ទៀត និងទឹកមិនស្រក កសិករនឹងទុកដីទំនេរ ហើយរង់ចាំធ្វើស្រូវប្រដេញទឹកវិញ។ ក្រុងសិរីសោភ័ណ សង្កាត់ភ្នៀត ដំណាំស្រូវប៉ះពាល់ប្រមាណ ៦៩ ហិកតា និងខូចខាត ៣៥ ហិកតា ដោយសារទឹកលិចរយៈពេលយូរ។ ទោះជាយ៉ាងណា ការខូចខាតនឹងមិនកើនឡើងទៀតទេ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានធ្វើការកាយផ្តាច់ទំនប់ទឹកមួយកន្លែង និងការពារមិនឱ្យទឹកហៀរចូលផ្នែកខាងលិចផ្លូវ ដែលជាតំបន់មានដំណាំស្រូវច្រើន។ សង្កាត់ម្កាក់ ទឹកភ្លៀងទើបចាប់ផ្តើមលិច និងប៉ះពាល់ដីស្រែប្រមាណ ១៧ ហិកតា។ កសិករអាចសង្គ្រោះដំណាំបានប្រសិនបើពួកគេព្យាយាមបូមទឹកចេញពីស្រែទាន់ពេលវេលា។ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ទឹកភ្លៀងបានប៉ះពាល់ដំណាំស្រូវប្រមាណ ៧០៧ ហិកតា។ ទឹកហូរពីស្ទឹងចូលតាមព្រែក បណ្តាលឱ្យខូចខាតស្រូវមួយចំនួន។ អាជ្ញាធរស្រុក និងខេត្តបានអន្តរាគមន៍កាត់ផ្តាច់ទំនប់ទឹករបស់កសិករខ្នាតធំ ដើម្បីរំដោះទឹកទៅបឹងទន្លេសាប និងដាក់របាំងទប់ទឹកមិនឱ្យហូរចូលបន្ថែមពីស្ទឹង។ ប្រសិនបើវិធានការទាំងនេះត្រូវបានអនុវត្តទាន់ពេលវេលា ផ្ទៃដីភាគច្រើនដែលរងផលប៉ះពាល់នឹងអាចត្រូវបានសង្គ្រោះ។

ឯកឧត្តម ស្រ៊ុន សុខុម បានលើកឡើងថា «ឆ្នាំនេះទឹកភ្លៀងដើមដៃសំបូរ បើធៀបនឹងឆ្នាំមុនៗ ហើយបានបង្ករផលប៉ះពាល់ដល់ដំណាំដែលទើបដាំដុះ។ ទោះជាយ៉ាងណា យើងកំពុងតែធ្វើការវាយតម្លៃ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់កសិកររបស់យើង។ យើងសង្ឃឹមថាជាមួយនឹងកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន និងកសិករ ស្ថានភាពនឹងវិលត្រឡប់មកប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។»

សូមជម្រាបថាដំណើរចុះពិនិត្យនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការតាមដាន និងឆ្លើយតបទៅនឹងគ្រោះធម្មជាតិ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាកសិករ៕


ដោយ ឈុន សារ៉ាត





