ឯកអគ្គរដ្ឋទុតរុស្ស៊ីប្រចាំនៅកម្ពុជាធ្វើសន្និសីទសារព័ត៌មានស្តីពីគោលនយោបាយរបស់រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយជាមួយតំណាងក្រសួង ស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអនុព័ន្ធយោធា អាកាស និងទ័ពជើងទឹកនៃស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា លោក អ៊ីវ៉ាន់ ស្តេដឆេនកូ (Ivan Stadchenko)។
ប្រមុខបេសកកម្មការទូតរុស្ស៊ីបានលើកយកប្រធានបទពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរបស់រុស្ស៊ី ដោយផ្តោតសំខាន់ជាពិសេសចំពោះស្ថានភាពជុំវិញបញ្ហាអ៊ុយក្រែន ឧក្រិដ្ឋកម្មរបស់របបទីក្រុងគៀវប្រឆាំងនឹងជនស៊ីវិលរុស្ស៊ី និងដំណើរការអ៊ីស្តង់ប៊ុល។ លោកបានសង្កត់ធ្ងន់ថា ការពិត រុស្ស៊ីគឺជាភាគីដែលបានផ្តួចផ្តើមការបន្តកិច្ចពិគ្រោះយោបល់ជាមួយអ៊ុយក្រែន។ លោកបានគូសបញ្ជាក់អំពីតម្រូវការដើម្បីឈានទៅដល់កិច្ចព្រមព្រៀងរយៈពេលវែង និងគ្រប់ជ្រុងជ្រោយដែលនឹងដោះស្រាយបញ្ហាឫសគល់នៃវិបត្តិអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតរុស្ស៊ីបានបង្ហាញអំពីរបាយការណ៍ស្តីពី «ស្ថានភាពសិទ្ធិមនុស្សនៅអ៊ុយក្រែន និង «ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមួយចំនួន»។
ឯកឧត្តម អាណាតូលី បូរ៉ូវីក បានចែករំលែកនូវលទ្ធផលនៃកិច្ចប្រជុំកំពូលប្រ៊ីកស៍ (BRICS) លើកទី១៧ ដែលបានធ្វើឡើងកាលពីថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ូដឺចាណីរ៉ូ របស់ប្រទេសប្រេស៊ីល ដោយបានបង្ហាញអំពីបទប្បញ្ញត្តិសំខាន់ៗនៃសេចក្តីប្រកាសស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការសកលលោកភាគខាងត្បូងសម្រាប់អភិបាលកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព» ព្រមទាំងបានប្រកាស់ពីការចូលរួមរបស់ ឯកឧត្តម ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរុស្ស៊ី-អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ានស្តីពីសន្តិសុខ ដែលបាន និងកំពុងធ្វើឡើងនៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ីផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី





