របបទីក្រុងគៀវនៅតែបន្តធ្វើការវាយប្រហារភេរវកម្មលើជនស៊ីវិល និងទីតាំងស៊ីវិលនៅរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- របបទីក្រុងគៀវនៅតែបន្តធ្វើការវាយប្រហារភេរវកម្មទៅលើជនស៊ីវិល និងទីតាំងស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងភ្នំពេញ។
ឯកឧត្តមបាននិយាយថា «ខ្ញុំសូមរំលឹកថា នៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ អ៊ុយក្រែនបានធ្វើការបំផ្ទុះមួយចំនួននៅឯទីតាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងផ្លូវរថយន្តនៅក្នុងតំបន់ប្រ៊ីយ៉ាន់ស្ក៍ និងតំបន់ឃឺស។ ជាលទ្ធផល ការបំផ្ទុះនោះបានបណ្តាលឱ្យមនុស្សចំនួន ៧នាក់បានស្លាប់ និងជាង ១២០នាក់បានរងរបួស។ នាយកដ្ឋានស៊ើបអង្កេតរុស្ស៊ី បានចាត់ទុក ឧក្រិដ្ឋកម្មនៅក្នុងតំបន់ប្រ៊ីយ៉ាន់ស្ក៍ និងឃឺស ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នោះជាអំពើភេរវកម្ម។
បើយោងទៅតាមព័ត៌មានរបស់នាយកដ្ឋានស៊ើបអង្កេតរុស្ស៊ី បានឱ្យដឹងថា ជនល្មើសបានអនុវត្តអំពើភេរវកម្មទាំងនោះតាមការណែនាំរបស់របបលោក ហ្សេលេនស្គី។ គួរកត់សម្គាល់ថា ការវាយប្រហារភេរវកកម្មត្រូវបានធ្វើឡើងនៅមុនថ្ងៃនៃកិច្ចចរចាជុំទីពីរនៅទីក្រុងអ៊ីស្តង់ប៊ុលរបស់ប្រទេសតួកគី។ លោកឯកអគ្គរដ្ឋទូតបាននិយាយបន្ថែមថា «នេះជាការបង្ហាញឱ្យឃើញថា ទីក្រុងគៀវព្យាយាមបង្ខំឱ្យរុស្ស៊ីចាត់វិធានការសងសឹកវិញ ដើម្បីចោទប្រកាន់ប្រទេសយើងខ្ញុំថា ទីក្រុងម៉ូស្គូមិនមានឆន្ទៈក្នុងការឈានដល់ការដោះស្រាយដោយសន្តិវិធី និងបំផ្លាញដំណើរការនៃកិច្ចចរចា»។
ការបាញ់ផ្លោងទីលំនៅដ្ឋានស៊ីវិលនៅតែបន្តជារៀងរាល់ថ្ងៃ។ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែមិថុនា ឆ្នាំ២០២៥ មនុស្សប្រមាណជិត ១០០នាក់បានរងរបួសដោយសារសកម្មភាពរបស់ពួកសកម្មប្រយុទ្ធអ៊ុយក្រែន ដោយនៅក្នុងនោះមាន ៧នាក់បានស្លាប់។ ក្នុងពេលជាមួយគ្នានេះដែរ ការវាយប្រហារត្រូវបានអនុវត្តដោយប្រើប្រព័ន្ធសព្វាវុធរបស់លោកខាងលិច (Storm Shadow/SCALP; MGM-140/ATACMS) ដែលធ្វើឱ្យបណ្តាប្រទេសដែលគាំទ្រដល់របបទីក្រុងគៀវ ក្លាយជាអ្នកសមគំនិតនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ៕
ដោយ៖ យា ចិន្ដាខន្ដី





