ចិនប្រកាសអាសន្នពណ៌លឿងជាថ្មីសម្រាប់ព្យុះភ្លៀង
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមសង្កេតការណ៍ជាតិរបស់ប្រទេសចិនបានបន្តការជូនដំណឹងពណ៌លឿងសម្រាប់ព្យុះភ្លៀងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយព្រមានអំពីភ្លៀងធ្លាក់ក្នុងតំបន់មួយចំនួននៅទូទាំងប្រទេស។
យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា ចាប់ពីម៉ោង ៨:០០នាទីយប់ថ្ងៃព្រហស្បតិ៍ ដល់ម៉ោង ៨:០០នាទីយប់ថ្ងៃសុក្រ ភ្លៀងធ្លាក់ខ្លាំង និងព្យុះភ្លៀងត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារផ្នែកខ្លះនៃខេត្តហ្វូចៀន ខេត្តក្វាងទុង ខេត្តក្វាងស៊ី ខេត្តហៃណាន កោះតៃវ៉ាន់ ខេត្តយ៉ុនណាន ខេត្តហ្គីហ្សូ ខេត្តឆុងឈីង ខេត្តស៊ីឈួន ខេត្តជាំងស៊ី ខេត្តហ៊ូណាន ខេត្តជាំងស៊ូ ខេត្តហ្សេជាំង តំបន់ម៉ុងហ្គោលី ខាងក្នុង និងខេត្តហ៊ីឡុងជាំង។
មជ្ឈមណ្ឌលបានបន្ថែមថា ផ្នែកខ្លះនៃខេត្តក្វាងទុង និងខេត្តហ្វូចៀន ត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំង ដោយមានភ្លៀងធ្លាក់រហូតដល់កម្ពស់ ៣០០មីលីម៉ែត្រ។ តំបន់មួយចំនួនដែលបានរៀបរាប់ខាងលើនឹងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លី ជាមួយនឹងទឹកភ្លៀងក្នុងមួយម៉ោងចាប់ពី ៨០មីលីម៉ែត្រ ឬច្រើនជាងនេះ អមដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
មជ្ឈមណ្ឌលបានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យមានការប្រុងប្រយ័ត្នចំពោះព្យុះភ្លៀង ហើយបានស្នើឱ្យមានការចាត់វិធានការចាំបាច់នានាក្នុងការបង្ហូរទឹកនៅក្នុងទីក្រុង និងនៅទូទាំងដីស្រែចម្ការ។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌ ៤ជាន់ ដោយពណ៌ក្រហមតំណាងឱ្យធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





