មន្ត្រីគយកំពូលកូរ៉េខាងត្បូង និងចិនជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសេវាគយកូរ៉េ (KCS) បាននិយាយថា ស្នងការសេវាគយកូរ៉េ លោក កូ វ៉ាងយ៉ូ (Ko Kwang-hyo) បានជួបជាមួយសមភាគីចិននៅទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ ហើយបានពិភាក្សាអំពីផ្នែកនៃកិច្ចសហប្រតិបត្តិការ។
ទីភ្នាក់ងារនេះបាននិយាយថា ភាគីទាំងពីរបានចែករំលែកព័ត៌មានស្តីពីការប៉ុនប៉ងនាពេលថ្មីៗនេះដើម្បីរត់ពន្ធទំនិញខុសច្បាប់ និងគ្រោះថ្នាក់ ហើយបានយល់ព្រមលើតម្រូវការដើម្បីបន្តកិច្ចចរចាទ្វេភាគីរបស់ប្រទេសនានាក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការបង្ក្រាបការប៉ុនប៉ងបែបនេះ។
លើសពីនេះ លោក កូ បានស្នើសុំការគាំទ្រពីប្រទេសចិនសម្រាប់កិច្ចប្រជុំមន្ត្រីគយមកពីបណ្តាប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីនឆុន ភាគខាងលិចនៃទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





