ប៊ុលហ្គារីស្ទាក់ចាប់រថយន្តដឹកទូទឹកកកដែលមានជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១៦នាក់នៅលើនោះ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- ក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរប៊ុលហ្គារីបានចាប់រថយន្តដឹកទឹកកកដែលដឹកជនចំណាកស្រុក ១៦នាក់ដោយខុសច្បាប់នៅឯទីក្រុងរូសេ ជិតព្រំដែនជាមួយប្រទេសរ៉ូម៉ានី។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មន្រ្តីប៉ូលីសព្រំដែនបានរកឃើញថាមិនមានទំនិញនៅក្នុងទូរទឹកកកនោះទេ ប៉ុន្តែម៉ាស៊ីនត្រជាក់កំពុងដំណើរការ។ ទោះបីជាយ៉ាងណាក៏ដោយ ការត្រួតពិនិត្យលម្អិតបានបង្ហាញថា បន្ទប់សម្ងាត់មួយត្រូវបានសាងសង់នៅផ្នែកខាងមុខនៃទូរទឹកកក ហើយជនបរទេសចំនួន ១៦នាក់ត្រូវបានលាក់នៅទីនោះ។
ក្រសួងបាននិយាយថា ជនចំណាកស្រុកគឺជាជនជាតិអ៊ីរ៉ាក់ ហើយកំពុងស្ថិតក្នុងដំណើរការផ្តល់ឋានៈនៅទីភ្នាក់ងាររដ្ឋសម្រាប់ជនភៀសខ្លួន។ ពួកគេបាននិយាយថា ទិសដៅចុងក្រោយនៃការធ្វើដំណើរខុសច្បាប់របស់ពួកគេគឺប្រទេសអាល្លឺម៉ង់។
យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៥ អាជ្ញាធរប៊ុលហ្គារីបានចាប់ខ្លួនជនចំណាកស្រុកចំនួន ៥០៤នាក់នៃបណ្តាប្រទេសមិនមែនសហភាពអឺរ៉ុបដែលព្យាយាមចាកចេញពីប្រទេសដោយខុសច្បាប់ ក្នុងចំណោមពួកគេមានជនចំណាកស្រុកចំនួន ១៩១នាក់នៅជាប់ព្រំដែនជាមួយប្រទេសរ៉ូម៉ានី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





