ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ដឹកនាំកិច្ចប្រជុំស្ដីពីការសិក្សាលទ្ធភាពក្នុងការអនុវត្តគន្លងអប់រំថ្មីនៅតាមវិទ្យាល័យធនធាន
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពីការសិក្សាលទ្ធភាពក្នុងការអនុវត្តគន្លងអប់រំថ្មីនៅតាមវិទ្យាល័យធនធាន ដើម្បីពិភាក្សាស្តីពីការត្រៀមអនុវត្តសាកល្បងគន្លងអប់រំថ្មីនៅតាមវិទ្យាល័យធនធានក្នុងឆ្នាំសិក្សា២០២៥-២០២៦ខាងមុខ ដោយផ្ដោតលើ ១.ការចែករំលែកអំពីការអនុវត្តគន្លងអប់រំក្នុងបរិបទរបស់វិទ្យាល័យចំណេះទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្តាល។ ២. ការចែករំលែក និងប្រមូលធាតុចូលបន្ថែមដើម្បីរៀបចំសេចក្តីណែនាំការអនុវត្តគន្លងអប់រំថ្មី។ ៣. ពិភាក្សាអំពីការប្រឈមក្នុងការអនុវត្ត និងការរៀបចំយន្តការដោះស្រាយដើម្បីជំរុញការអនុវត្តដោយជោគជ័យ និងប្រសិទ្ធភាព។ ៤.សិក្សាពីតម្រូវការធនធានដើម្បីធានាការអនុវត្តប្រកបដោយជោគជ័យ និង៥. ចែករំលែកបទពិសោធន៍នៃការអនុវត្តគន្លងអប់រំទាំងបី។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានស្នើឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារៀបចំកម្មវិធីសិក្សាដែលឆ្លើយតបនឹងគន្លងអប់រំថ្មី ការកំណត់ជំនាញក្នុងគន្លងវិជ្ជាជីវៈឱ្យសមស្របទៅនឹងតម្រូវការទីផ្សារការងារ និងនិន្នាការអភិវឌ្ឍន៍ប្រទេស ដោយត្រូវប្រែក្លាយ និងដាក់បញ្ចូលនូវកម្មវិធីសិក្សាបែបទំនើប និងបែបចម្រុះ ការរួមបញ្ចូលឌីជីថល បច្ចេកវិទ្យា AI និងប្រព័ន្ធ LMS ដែលការអនុត្តគន្លងទាំងបីនេះមិនមានការចាប់បង្ខំទេ ប៉ុន្តែក្រសួងលើកទឹកចិត្ត និងគាំទ្រឱ្យសាលារៀនបើកដោយឈរលើការសិក្សាបែបវិទ្យាសាស្ត្រលើតម្រូវការទីផ្សារក្នុងស្រុក ធនធានដែលសាលារៀនមាន ចំណង់ចំណូលចិត្តសិស្ស និងមាតាបិតាសិស្ស ការគាំទ្រពីសហគមន៍ និងអាជ្ញាធរ ពិសេសការប្តេជ្ញាចិត្តរបស់គណៈគ្រប់គ្រងសាលារៀន និងគ្រូ។ គណៈគ្រប់គ្រងសាលារៀនត្រូវរកឱ្យឃើញនូវបុគ្គលិកលក្ខណៈសម្បត្តិ ឧបនិស្ស័យរបស់សិស្សម្នាក់ៗ និងត្រូវរៀបចំពួកគេឱ្យត្រូវតាមគន្លងនីមួយៗ ដើម្បីធានាបាននូវធនធានដែលពោរពេញដោយសក្តានុពល បម្រើឱ្យសេដ្ឋកិច្ចជាតិឈានទៅសម្រេចចក្ខុវិស័យកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារបច្ចេកទេស និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នារៀបចំគន្លងអប់រំថ្មី ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សសម្រាប់កម្ពុជា។ ការងារនេះជាផ្លូវដ៏ត្រឹមត្រូវ និងជាយុទ្ធសាស្ត្រនឹងជួយបណ្តុះបណ្តាលសមត្ថភាពរបស់សិស្សានុសិស្សយើងឱ្យកាន់តែប្រសើរឡើង ដើម្បីអាចឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់ការវិនិយោគពីបរទេសនៅប្រទេសកម្ពុជា និងស្នើឱ្យអ្នកចូលរួមជួយផ្សព្វផ្សាយបន្តនូវសារៈប្រយោជន៍នៃការអនុវត្តគន្លងអប់រំ ពិសេសគន្លងវិជ្ជាជីវៈ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





