ពិធីប្រគល់-ទទួលឧបករណ៍ពិសោធន៍សម្រាប់ផ្តល់ការសិក្សា និងអនុវត្តជូននិស្សិតវិទ្យាស្ថាន ជាជំនួយឧបត្តម្ភរបស់ក្រុមហ៊ុន Hubei Geological Exploration (Cambodia) Co,. Ltd នៃសាធារណរដ្ឋប្រជាមានិតចិន
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ប្រាងហង្ស សេរីរិទ្ធ នាយកវិទ្យាស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោក ZHU Ze អគ្គនាយកក្រុមហ៊ុន និងសហការី ក្នុងពិធីប្រគល់-ទទួលឧបករណ៍ពិសោធន៍សម្រាប់ផ្តល់ការសិក្សា និងអនុវត្តជូននិស្សិតវិទ្យាស្ថាន ជាជំនួយឧបត្តម្ភរបស់ក្រុមហ៊ុន Hubei Geological Exploration (Cambodia) Co,, Ltd នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីនាយករងវិទ្យាស្ថាន ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ-មន្ត្រីពាក់ពន្ធ័ផងដែរ។

ជំនួបពិភាក្សាការងារនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រគល់-ទទួលឧបករណ៍ពិសោធន៍ក្នុងការផ្តល់លទ្ធភាពបន្ថែមសម្រាប់វិទ្យាស្ថាន អាចផ្គត់ផ្គង់នូវតម្រូវការចុះអនុវត្តផ្ទាល់ និងការពិសោធន៍របស់និស្សិតបានកាន់តែទូលំទូលាយ ជាពិសេសអាចបង្កលក្ខណៈងាយស្រួលដល់និស្សិតវិទ្យាស្ថាន និងមន្ត្រីជំនាញ អាចមានជម្រើសក្នុងការធ្វើការអនុវត្តនៅមុខជំនាញរបស់ខ្លួនដែលចង់អនុវត្ត។

សូមជម្រាបថា កន្លងមកក្រុមហ៊ុន Hubei Geological Exploration (Cambodia) Co,. Ltd នៃសាធារណរដ្ឋប្រជាមានិតចិន បានជួយឧបត្តម្ភអាហារូបករណ៍ជូននិស្សិតវិទ្យាស្ថានមួយចំនួន និងបានទទួលនិស្សិតទៅហាត់ការ និងផ្តល់លទ្ធភាពការងារជូនដល់និស្សិតវិទ្យាស្ថានផងដែរ ក្នុងការអនុវត្តលើគម្រោងថ្នាក់ជាតិនានាផងដែរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)





