សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌សម្រាប់២០០គ្រួសារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥-- កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ស្បៀងសម្រាប់២០០គ្រួសារជូនសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ សម្រាប់ឆ្លើយតបពេលមានគ្រោះមហន្តរាយផ្សេងៗ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកវេជ្ជ. អ៊ុយ សំអុន ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រី មុំ ពុទ្ធីតា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រមកម្ពុជាខេត្តឧត្តរមានជ័យ តំណាងឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ។

លោកវេជ្ជ. អ៊ុយ សំអុន បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដោយក្តីនឹករលឹក និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការផ្តល់សេវាមនុស្សធម៌ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានឆាប់រហ័ស និងទាន់ពេលវេលា។ ជាក់ស្តែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្រេចផ្តល់ស្បៀងចំនួន២០០គ្រួសារសម្រាប់ជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតរួមមាន ចាស់ជរា ស្រ្តីម៉េម៉ាយមានកូនច្រើន ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ ជាដើម។

លោកស្រី មុំ ពុទ្ធីតា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយមិនទុក្ខនរណាម្នាក់ចោលឡើយ។ នៅថ្ងៃនេះផង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានបានផ្តល់ស្បៀងសម្រាប់ត្រៀមជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅពេលមានគ្រោះមហន្តរាយផ្សេងៗ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





