កិច្ចប្រជុំពិភាក្សាលើលក្ខខណ្ឌការងារ (TOR) សម្រាប់ការវាយតម្លៃការវិនិយោគធារាសាស្រ្ត និងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍកសិកម្ម-ទឹក-ជនបទ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាសហប្រធានក្រុមការងារត្រីវិស័យ កសិកម្ម-ទឹក-ជនបទ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយមន្រ្តីស្ថានទូតអូស្ត្រាលី ដើម្បីពិភាក្សាលើលក្ខខណ្ឌការងារ (TOR) សម្រាប់ការវាយតម្លៃការវិនិយោគធារាសាស្រ្ត និងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍកសិកម្ម-ទឹក-ជនបទ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះរៀបចំឡើងនៅស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារត្រីវិស័យ កសិកម្ម-ទឹក-ជនបទ មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លេខាធិការដ្ឋានក្រុមការងារត្រីវិស័យ កសិកម្ម-ទឹក-ជនបទ និងមន្រ្តីកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា ក៏ដូចជាបញ្ជាក់ពីគោលបំណងវិសាលភាពការងារ សកម្មភាពការងារជាគន្លឹះ ជំនាញដែលត្រូវការ និងគម្រោងពេលវេលាដែលបានស្នើឡើង ដើម្បីកែសម្រួល និងសម្រួចលើលក្ខខណ្ឌការងារ (TOR) សម្រាប់ការវាយតម្លៃការវិនិយោគធារាសាស្រ្ត និងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍកសិកម្ម-ទឹក-ជនបទ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





