កម្លាំងជំនាញចម្រុះបន្តចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបនៅរដូវត្រីពងកូន
AKP កំពង់ធំ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥-- កម្លាំងចម្រុះដឹកនាំដោយលោក ស៊ិន សារិន ប្រធានទីបញ្ជាការស្រាលតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) បានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានចេញត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកន្លុកបាយក្អែកដល់ចំណុចប៉ាលហាល ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នឹងកន្លែង រួមមាន របាំសាច់អួនក្រឡាញឹក០១របាំងប្រវែង២៥០ម៉ែត្រ បង្គោលចំនួន១៥០ដើម សាច់ឡុកចំនួន២គ្រឿង លបលូចំនួន០២មាត់ និងបានចាក់លែងកូនត្រីចម្រុះមួយចំនួនចូលទន្លេវិញ។

នៅថ្ងៃជាមួយគ្នានោះ លោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចត្រឡកជក និងជ្រោយធំ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន២ករណី ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ ១. របាំងស្បៃមុងចំនួន៩របាំងប្រវែង៨៥០ម៉ែត្រ ឡុកស្បៃមុងចំនួន៩គ្រឿង លូស្បៃមុងចំនួន១៨មាត់ បង្គោលចំនួន៧៥០ដើម ចាក់លែងកូនត្រីចម្រុះចំនួន១០គីឡូក្រាមចូលទន្លេវិញ។ ២. របាំងសាច់អួនក្រឡាញឹកចំនួន០៣ របាំងប្រវែង៣៥០ម៉ែត្រ ឡុកសាច់អួនចំនួន៦គ្រឿង លូសាច់អួនចំនួន៦មាត់ បង្គោលឈើចំនួន២៣០ដើម។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ទោះបីជាបច្ចុប្បន្នកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កំពុងមមាញឹកក្នុងភារកិច្ចស្នូលយ៉ាងណាក្តី តែការបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនអាចបោះបង់ចោលបានឡើយ ទាំងការបង្ក្រាបបទល្មើសព្រៃឈើ និងការបង្ក្រាបបទល្មើសនេសាទ ពិសេសក្នុងរដូវហាមឃាត់សម្រាប់ឱកាសត្រីពងកូននេះ ដែលជនល្មើសមួយចំនួននៅតែលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា ជារៀងរាល់ថ្ងៃក្នុងរដូវបិទនេសាទនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកងកម្លាំងចម្រុះទាំងពីរទីបញ្ជាការស្រាល បង្ក្រាបបានឧបករណ៍នេសាទល្មើសច្បាប់ មានរបាំងសាច់អួនខុសទំហំកំណត់ និងរបាំងស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាត បានប្រមាណពី១៥០០ ទៅ២០០០ម៉ែត្រជារៀងរាល់ថ្ងៃ ព្រមទាំងឧបករណ៍ល្មើសច្បាប់ផ្សេងទៀត និងបានប្តេជ្ញាចិត្តថា ទោះបីជាមានការលំបាកស្មុគស្មាញយ៉ាងណាក្តី តែកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅតែបន្តសហការជាមួយកងកម្លាំងចម្រុះ ដើម្បីធ្វើសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យទទួលបានជោគជ័យ៕

ដោយ ស៊ុម វណ្ណា





