ឯកឧត្តម អ៊ុំ រាត្រី ចុះត្រួតពិនិត្យបន្ទាត់ព្រំដែន និងលើកទឹកចិត្តកងកម្លាំងជួរមុខ
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ រួមនឹងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពតាមបណ្តោយបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងព្រំដែន ការពារបូរណភាពទឹកដី និងធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅជាប់ព្រំដែន។

ក្នុងឱកាសនៃការចុះបំពេញបេសកកម្មនេះ ឯកឧត្តម អ៊ុំ រាត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយចិត្តរបស់កងកម្លាំងឈរជើងជួរមុខគ្រប់ប្រភេទ រួមមានកងយោធពលខេមរភូមិន្ទ នគរបាលជាតិ កងរាជអាវុធហត្ថ និងអាជ្ញាធរដែនដី ដែលបានល្បាត ការពារ និងថែរក្សាសន្តិសុខព្រំដែនយ៉ាងម៉ឺងម៉ាត់បំផុត។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ទៅកាន់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋនៅតាមព្រំដែនយ៉ាងដូច្នេះថា "បងប្អូនកងកម្លាំងជួរមុខទាំងអស់គ្នា សូមបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ដើម្បីការពារបូរណភាពទឹកដីយើងឱ្យបានគង់វង្ស។ ការលះបង់របស់បងប្អូន គឺជារបាំងដ៏រឹងមាំក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដូចជាការជួញដូរគ្រឿងញៀនខុសច្បាប់ ការរត់ពន្ធទំនិញក្លែងក្លាយ និងការលួចឆ្លងដែនខុសច្បាប់ជាដើម។ សូមបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងកិច្ចសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋយើង។"

ឯកឧត្តមក៏បានបន្តទៀតថា "ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន សូមបន្តចូលរួមសហការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីផ្តល់ព័ត៌មាននានាដែលទាក់ទងនឹងសន្តិសុខព្រំដែន។ ការសហការរបស់បងប្អូនគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ព្រំដែនរបស់យើង។ សូមរក្សាស្មារតីប្រុងប្រយ័ត្នជានិច្ច និងចៀសវាងការប្រព្រឹត្តអំពើខុសច្បាប់ ដែលអាចប៉ះពាល់ដល់សន្តិសុខ និងកិត្តិយសរបស់ប្រទេសជាតិយើង។"

សូមជម្រាបថា ការចុះត្រួតពិនិត្យនេះក៏ជាឱកាសមួយសម្រាប់ឯកឧត្តម អ៊ុំ រាត្រី ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការបំពេញតម្រូវការចាំបាច់មួយចំនួនរបស់កងកម្លាំងឈរជើងជួរមុខ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការបំពេញភារកិច្ចរបស់ពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។ វត្តមានរបស់ឯកឧត្តមអភិបាលខេត្តផ្ទាល់ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះសុវត្ថិភាព និងសន្តិសុខតាមបណ្តោយព្រំដែន ក៏ដូចជាសុខុមាលភាពរបស់កងកម្លាំង និងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ៕
ដោយ ឈុន សារ៉ាត





