អាជីវករលក់ដូរមានសណ្តាប់ធ្នាប់ ស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក
AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥-- លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវសុំ ឱ្យអាជីវករលក់ដូរឱ្យមានសណ្តាប់ធ្នាប់សោភ័ណភាពតាមដងផ្លូវ ស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុកបរិបូណ៌ នាយទីចាត់ការអន្តរវិស័យ អាជ្ញាធរមូលដ្ឋាន អាជីវករ បុគ្គលិកវិស័យឯកជន យុវជនស្ម័គ្រចិត្ត និងគ្រប់តួអង្គពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះ លោក ជា សុខរិទ្ធិ បានលើកឡើងថា ការចូលរួមធ្វើអនាម័យ សម្អាត បរិស្ថាននៅតាមផ្លូវសាធារណៈ តាមបណ្ដាស្រុកនានានៅទូទាំងខេត្តកំពង់ឆ្នាំង ដើម្បីបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ចូលរួម ថែរក្សា ការពារបរិស្ថានក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតរមណីយដ្ឋានស្អាត និងសេវាកម្មល្អ។ ការធ្វើអនាម័យសម្អាតបរិស្ថានទាំងអស់គ្នានឹងចូលរួមធ្វើជាប្រចាំ ព្រោះអនាម័យក្នុងស្រុក-ខេត្តមានសារៈសំខាន់ណាស់សម្រាប់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត ពិសេសសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តទស្សនាតាមដងផ្លូវ និងមាត់ច្រាំងទន្លេ។

ទន្ទឹមនឹងនេះ លោកបានបន្តថា ការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់របស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ក៏ដូចជានៅមុខលំនៅឋាននានាគឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ដើម្បីរក្សាសោភ័ណភាពទីក្រុង ព្រោះសំរាមកើតចេញដោយសារតែប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងកាកសំណល់ រឹង រាវ។ ដូច្នេះ ប្រជាពលរដ្ឋត្រូវចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនដោយធ្វើអនាម័យសម្អាតបរិស្ថានតាមមុខផ្ទះ ដោយធ្វើការវេចខ្ចប់ សំរាមដាក់ស្បោងប្លាសស្ទិកឱ្យត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនមកប្រមូលសំរាម។ អាជីវករលក់ដូរឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាពតាមដងផ្លូវ លក់ដូររំលោភលើចំណីផ្លូវ ធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ជាច្រើន។ មានអាជីវករមួយចំនួនតូចនៅតែឆ្លៀតឱកាសលក់រំលោភលើផ្លូវសាធារណៈ ក៏ដូចជា ចតម៉ូតូគ្មានរបៀបរៀបរយ ដែលធ្វើឱ្យកកស្ទះដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

ក្នុងបរិបទនេះ លោកអភិបាលរងខេត្តបានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់យ៉ាងហោចមួយសប្ដាហ៍ម្ដង ដោយឃើញថា អាជីវករនៅតែបន្តលក់ដូរដាក់សម្ភារៈគ្មានសណ្ដាប់ធ្នាប់ដដែលៗ ណែនាំដល់អាជីវករដែលលក់ដូររំលោភលើចំណីផ្លូវ ធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ ចរាចរណ៍ ភ្ញៀវទេសចរ អនាម័យ និងបរិស្ថានផងដែរ។ ការពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋអំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងទុកដាក់សំណល់ដោយការទទួលខុសត្រូវ ដើម្បីរួមគ្នាលើកស្ទួយសោភណ័ភាពទីក្រុង ទីប្រជុំជនឱ្យមានបរិស្ថានល្អខ្យល់អាកាសបរិសុទ្ធ និងទទួលមកវិញនូវសុខភាពល្អរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕

ដោយ បៃ ស៊ីថុន





