រដ្ឋបាលខេត្តកំពង់ធំប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១១វត្តនៅក្នុងខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥--នារដូវកាលចូលវស្សានេះ ថ្នាក់ដឹកនាំ និងបងប្អូនមន្ត្រីរាជការរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុកនិងមន្ទីរចំណុះក្រោមការដឹកនាំរបស់ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាចំនួន១១វត្ត ក្នុងខេត្តកំពង់ធំ។

នារដូវកាលនេះព្រះសង្ឃដែលគង់ចាំព្រះវស្សារយៈពេល៣ខែនៅតាមវត្តអារាមនានា ត្រូវចៀសវាងការធ្វើដំណើរក្នុងរដូវវស្សា។ ពិធីនេះក៏ជាឱកាសសម្រាប់ព្រះសង្ឃពង្រឹងសមាធិ និងការសិក្សាព្រះធម៌។ ពិធីចូលវស្សាគឺជាបុណ្យសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ដែលមានរយៈពេល៣ខែ។ពិធីនេះតំណាងឱ្យការចាប់ផ្តើមវស្សារបស់ព្រះសង្ឃនិងជាឱកាសសម្រាប់ពុទ្ធសាសនិកជនពង្រឹងសីលធម៌និងសទ្ធាធម៌របស់ខ្លួន។ ក្នុងពិធីនេះ ព្រះសង្ឃបានរៀបចំការប្រកាសចូលវស្សារៀបចំព្រះវិហារ និងកន្លែងសមាធិ និងការរក្សាសីលនិងជាឱកាសដល់ពុទ្ធសាសនិកជនធ្វើកុសលកម្ម បំពេញបារមី និងពង្រឹងសទ្ធាដល់ព្រះសង្ឃក៏ប្រើពេលនេះដែរហើយព្រះសង្ឃក៏ព្យាយាមបំពេញវិបស្សនាធម៌ និងផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធបរិស័ទផងដែរ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ធំតែងតែរៀបចំពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុដល់វត្តនានានៅក្នុងខេត្តមុនដល់ថ្ងៃចូលវស្សាដោយមិនធ្លាប់ខកខានឡើយដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ៕


ដោយ ស៊ុម វណ្ណា





