ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ជួបសំណេះសំណាលជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាលើកទី៣ ជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ រួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងគណៈឱសថការី ដើម្បីកសាងប្រព័ន្ធសុខាភិបាល ដែលមានភាពខ្លាំង គណនេយ្យភាព និងផលិតភាពខ្ពស់ នៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ និងលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារស្នូលរបស់ខ្លួន ដើម្បីបុព្វហេតុអ្នកជំងឺ សាធារណៈជន និងសហគមន៍ ដោយប្រតិបត្តិការងារឱ្យស្របតាមយុទ្ធសាស្រ្ត អាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្មារតីវិជ្ជាជីវៈ ធានាក្រមសីលធម៌ ធានាគុណភាព និងសុវត្ថិភាព។ បន្ថែមពីនេះ ត្រូវពង្រឹងការអនុវត្តច្បាប់ លើកតម្កើងតម្លៃរបស់វិជ្ជាជីវៈ គោរពសិទ្ធិអ្នកជំងឺ ឬអតិថិជន ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់នូវយុត្តិធម៌ បង្កើនការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ ទប់ស្កាត់ជាអតិបរមានូវបាតុភាពវិជ្ជាជីវៈ និងគ្រប់គ្រងវាជាលក្ខណៈបុរេសកម្ម និងឆ្លើយតបឱ្យបានរហ័ស បន្ថែមលើនេះត្រូវរៀបចំសូចនាករសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងកំណត់គោលដៅជាក់លាក់ និងខិតខំសម្រេចឱ្យបានតាមកាលវេលា។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំដល់ថ្នាក់ដឹកនាំគណៈវិជ្ជាជីវៈទាំងអស់ នូវចំណុចគន្លឹះ រួមមាន៖ ១. ត្រូវពិនិត្យមើលឯកសារគតិយុទ្ធ និងច្បាប់ទាំងឡាយដែលចេញជាធរមាន និងអនុវត្តឱ្យមានអនុលោមភាព។ ២. ត្រូវធ្វើសកម្មភាពឱ្យចេញជាលទ្ធផលជាក់ស្តែង ដោយចាប់ផ្តើមពីតម្រូវការ ដើម្បីឆ្ពោះទៅការកំណត់នូវគោលការណ៍រួមមួយក្នុងការអនុវត្តការងារនោះ។ ៣. ស្វែងរកធនធានផ្នែកទីប្រឹក្សាខាងក្រៅបន្ថែម មកជួយលើការងារបច្ចេកទេស រដ្ឋបាល និងទំនាក់ទំនងក្នុងការប្រឹក្សាយោបល់លើការងារគ្រប់គ្រង។ ៤. សម្រេចឱ្យបាននូវសមិទ្ធផលថ្មីក្នុងអាណត្តិការងាររបស់ខ្លួន និងកាត់បន្ថយជាអតិបរមានូវភាពអសកម្ម។ ៥. ពិចារណាលើលក្ខខណ្ឌ និងតម្រូវការសម្រាប់ការចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ទាន់ពេល និងច្បាស់លាស់ចំពោះអ្នកដែលប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងគោលបំណងជៀសវាងនូវការបង្កកំហុស នៅពេលបំពេញភារកិច្ច ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺ។ ៦. ត្រូវសហការគ្នាឱ្យបានល្អរវាងគណៈវិជ្ជាជីវៈមួយ ទៅគណៈវិជ្ជាជីវៈមួយទៀត ដើម្បីពិនិត្យមើលកិច្ចការងារ ដែលមានការពាក់ព័ន្ធគ្នា។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗបន្ថែមទៀត ក្នុងតួនាទីជាអាជ្ញាធរនិយ័តកម្មអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាក្តីសង្ឃឹមរបស់សុខាភិបាល និងសុខភាពសាធារណៈ ត្រូវមានការប្រជុំគ្នាជាប្រចាំដើម្បីឆ្លុះបញ្ចាំងជាលក្ខណៈសកល និងសម្លឹងមើលការអនុវត្តឱ្យបានល្អ ដោយត្រូវធ្វើឱ្យប្រសើរឡើងតាមប្រព័ន្ធមួយដែលមានវិន័យ និងតាមបែបបទរដ្ឋបាលច្បាស់លាស់ ស្របនឹងប្រព័ន្ធកំណែទម្រង់សុខាភិបាលរបស់ក្រសួង និងត្រូវពិចារណាអំពីការងារកម្រិតសាមញ្ញ ទៅកម្រិតប្រទាក់ក្រឡា រហូតដល់កម្រិតជំនាញ ដោយពិនិត្យលើគ្រប់ទិដ្ឋភាព រួមមាន កម្រិតម៉ាក្រូ គឺបច្ចេកទេស និងធនធាន ការទំនាក់ទំនង ភាពជាការដឹកនាំ មានប្រព័ន្ធការងាររស់រើកទាំងគោលគំនិតរបស់វិជ្ជាជីវៈ និងមានអនុលោមភាពតាមច្បាប់ជាធរមាន។
ជាការឆ្លើយតប គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ បានសម្តែងនូវការពេញចិត្ត បញ្ជាក់ពីសារៈសំខាន់នៃពិធីសំណេះសំណាលនេះ និងការប្តេជ្ញាចិត្តអនុវត្តតាមមតិណែនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលជាប្រយោជន៍សម្រាប់កែលម្អ និងអភិវឌ្ឍបន្ថែមទៀតទៅលើភារកិច្ចរបស់ខ្លួន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានកោតសសើរចំពោះការខិតខំបំពេញការងាររបស់គណៈវិជ្ជាជីវៈសុខាភិបាលកន្លងមក និងការប្តេជ្ញាចិត្តក្នុងការបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត និងបានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងដល់ការអនុវត្តការងាររបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ និងសង្ឃឹមថានឹងទទួលបានសមិទ្ធផលជាវិជ្ជមាន ក្នុងការបម្រើសេវាជូនដល់ប្រជាជន ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។

ពិធីសំណេះសំណាលនេះត្រូវបានរៀបចំក្នុងគោលបំណង៖ ១) ពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តចំណុចគន្លឹះ ដែលបានពិភាក្សានាជំនួបទាំង២ លើកកន្លងមក និង ២) ពិភាក្សាលើបញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយជាក់ស្តែង រួមទាំងដាក់ចេញទិសដៅបន្តសម្រាប់គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល គណៈកម្មការសម្របសម្រួលគណៈវិជ្ជាជីវៈ សុខាភិបាល ថ្នាកដឹកនាំនៃក្រុមប្រឹក្សា គណៈវិជ្ជាជីវៈសុខាភិបាលជាតិ រាជធានី ខេត្ត និងភូមិភាគទាំង៥ សរុបចំនួន ប្រមាណជាង ១ ៣៤១ រូប៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





