ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមសាងសង់ប្រព័ន្ធលូក្រុងតាខ្មៅឱ្យពន្លឿន ដើម្បីជួយរំដោះទឹកភ្លៀងនាពេលខាងមុខ
AKP កណ្ដាល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ចុះត្រួតពិនិត្យ គម្រោងស្ថាបនាលូប្រអប់ផ្លូវ១០៨ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារៈពេលទឹកជន់លិច ពេលដែលមានភ្លៀងខ្លាំងម្ដងៗ ដូច្នេះក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿននឹងត្រូវបញ្ចប់គម្រោងមុនរដូវភ្លៀងធ្លាក់ខាងមុខនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ជៀសការជន់លិច កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាលបានសូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក្នុងអំឡុងពេលអនុវត្តគម្រោង ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ បង្កាការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងចៀសផុតការជន់លិចដោយទឹកភ្លៀង ដែលតែងតែលិចជារៀងរាល់ឆ្នាំ។

តាមការបញ្ជាក់របស់ក្រុមការងារអនុវត្តគម្រោងលូរំដោះទឹកភ្លៀងនេះ មានប្រវែង ៧៩០ម៉ែត្រ ដោយបានដាក់លូយជ្រុងទំហំ២ម៉ែត្រ គុណ ២ម៉ែត្រ គ្រោងនឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដែលមានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥ ០០០ម៉ែត្រគូប ទៅ ៦ ០០០ម៉ែត្រគូប ក្នុង១ម៉ោង ហើយនៅពេលគម្រោងនេះអនុវត្តរួច តំបន់នេះនឹងលែងមានការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





