អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ ជាមួយប្រធានប្រតិភូសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមប្រចាំកម្រងប្រទេស ដែលចប់អាណត្តិ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមប្រចាំកម្រងប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ដែលចប់អាណត្តិ ចូលជួបសវនាការ និងជម្រាបលា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥។


ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការបាននាំយកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះលោកស្រី កាទ្រីន ក្លាកសុន ដែលក្នុងអាណត្តិបំពេញការងាររបស់លោកស្រីតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយកាកបាទក្រហមកម្ពុជា ក្នុងគ្រប់កាលៈទេសៈ ទាំងក្នុងពេលរីករាលដាលជំងឺកូវីដ-១៩ និងក្នុងស្ថានភាពលំបាកៗជាច្រើនទៀត ជាពិសេសថ្មីៗនេះ លោកស្រីបានចូលរួមផ្តល់អនុសាសន៍ និងធាតុចូលសំខាន់ៗដល់កាកបាទក្រហមកម្ពុជា ដែលបាន និងកំពុងពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា សម្រាប់ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ៥ឆ្នាំបន្ទាប់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកជំទាវអគ្គលេខាធិការក៏បានជូនពរដល់លោកស្រី កាទ្រីន ក្លាកសុន សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចបន្តទៀត ជាពិសេសក្នុងពេលទៅបំពេញការងារជាប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំនៅទីក្រុងហ្សាកាតា ទទួលបន្ទុកកម្រងប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងប្រ៊ុយណេ នៅក្នុងអាណត្តិបន្ទាប់។


ជាកិច្ចឆ្លើយតប លោកស្រី កាទ្រីន ក្លាកសុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួននិងល្អប្រសើរទៅតាមទិសយុទ្ធសាស្ត្ររបស់ខ្លួន។ ជាក់ស្តែង តាមរយៈការចុះផ្ទាល់ជាមួយក្រុមការងារកាកបាទក្រហមកម្ពុជា នៅតាមសហគមន៍កន្លងទៅថ្មីៗនេះ លោកស្រី បានកត់សម្គាល់ឃើញថា កាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ការលុបបំបាត់មិនឱ្យមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជាពិសេសសកម្មភាពការងារជាច្រើនទៀតនៅតាមសហគមន៍ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ តាមរយៈបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តនៅគ្រប់ទីកន្លែង៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





