កម្ពុជាបន្តបញ្ជូនទ័ពមួកខៀវប្ដូរវេនទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រ UN នៅអាហ្រ្វិកកណ្ដាល
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- កងអនុសេនាធំវិស្វកម្មលេខ៤៨៦ ចំនួន២៤៤នាក់ ក្នុងនោះស្រីចំនួន៤១នាក់ ជាកងប្ដូរវេន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានបញ្ជូនចេញបំពេញបេសកកម្មថែរក្សាសន្តិភាព នៅអាហ្វ្រិកកណ្ដាល ក្រោមឆត្រប្រតិបត្តិការថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ (UN)។
បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា មុននឹងត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនេះកងអនុសេនាធំវិស្វកម្មលេខ៤៨៦ទាំងអស់ ទទួលបានការពិនិត្យសុខភាព និងបានហ្វឹកហ្វឺនជំនាញច្បាស់លាស់ ស្របតាមនិយាមការរបស់អង្គការសហប្រជាជាតិ និងសម្ភារបំពាក់បន្ថែម ដើម្បីបំពេញបេសកកម្មរយៈពេល១២ខែ នៅក្នុងតំបន់បំពេញបេសកកម្ម។

លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា សម្តែងការដឹងគុណចំពោះការខិតខំប្រឹងប្រែង និងការលះបង់កងអនុសេនាធំវិស្វកម្មលេខ៤៨៦ ទាំង២៤៤នាក់ ក្នុងការចូលរួមជាកងទ័ពមួកខៀវ ដែលជាការចាប់ផ្តើមលើដំណើរដ៏លំបាក ប៉ុន្តែមានសារៈសំខាន់ និងក្លាយជារង្វាន់មួយ ដើម្បីជួយដល់សុខុមាលភាពប្រជាជននៃ សាធារណរដ្ឋអាហ្វ្រិកកណ្តាល។ អ្នកសម្របសម្រួលអង្គការប្រជាជាតិចាត់ទុកសកម្មភាពរបស់កម្ពុជា ក្នុងការបន្តបញ្ជូនកងទ័ពមួកខៀវទៅថែរក្សាសន្តិភាព ជាពេលនេះ ថាជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្តិភាព សេចក្តីថ្លៃថ្នូរ និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
ក្នុងនាមអង្គការសហប្រជាជាតិ លោក Joseph Scheuer ក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញរបៀបវារៈសន្តិភាព និងសន្តិសុខ អន្តរជាតិ តាមរយៈការចូលរួមយ៉ាងសកម្ម បេសកកម្មរក្សាសន្តិភាព និងសន្តិសុខ និងការរួមចំណែកយ៉ាងសំខាន់ក្នុងអង្គការសហប្រជាជាតិ។

ឧត្ដមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអះអាងថា ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែលកម្លាំងរក្សាសន្តិភាពកម្ពុជាឈរជើងបាននិងកំពុងប្រឈមជារៀងរាល់ថ្ងៃ ជាលក្ខណៈប្រពៃណីផង “Traditional Security” និងមិនប្រពៃណីផង "Non- Traditional Security” ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋការប្រយុទ្ធប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានាការវាយប្រហារ ពួនស្ទាក់ ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបរិច្ចាគកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដើម្បីរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើសកលលោក។

ជាមួយគ្នានេះដែរ ឧត្ដមសេនីយ៍ទោ សែម រតនា ណែនាំកងទ័ពមួកខៀវដែលត្រូវចេញទៅបំពេញបេសកកម្មនៅអាហ្រ្វិកកណ្ដាល ត្រូវពង្រឹងសមត្ថភាពឱ្យមានវិជ្ជាជីវៈ សីលធម៌ គុណធម៌ វិន័យ មានឆន្ទៈខ្ពស់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងអង្គភាព ច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ និងច្បាប់អង្គការសហប្រជាជាតិ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងទប់ស្កាត់ឱ្យខាងតែបាននូវការប្រើប្រាស់គ្រឿងញៀន ការសេពសុរា និងការប្រព្រឹត្តអំពើខុសច្បាប់ និងត្រូវឆ្លៀតយកឱកាសផ្តល់បទពិសោធល្អៗ ចំណេះដឹង របៀបរបបធ្វើការងាររបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ជូនដល់កងកម្លាំងរក្សាសន្តិភាពក្រោយៗដែលត្រូវចេញទៅបំពេញបេសកកម្ម។

ឧត្ដមសេនីយ៍ទោ សែម រតនា ក៏ក្រើនរំលឹកកងទ័ពមួកខៀវកម្ពុជាទាំងអស់ ត្រូវរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយជាមួយយុទ្ធមិត្តគ្រប់រូប និងបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងដែលឈរជើងក្នុងតំបន់ជាមួយគ្នា។
ទាំងលោក Joseph Scheuer តំណាងអង្គការសហប្រជាជាតិ និងឧត្ដមសេនីយ៍ទោ សែម រតនា បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជនជាតិខ្មែរទាំងអស់ ដែលបានលះបង់បងប្អូន កូន ចៅ ប្តី ប្រពន្ធ និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនរួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បី បុព្វហេតុសន្តិភាព និងមនុស្សធម៌ដ៏ថ្លៃថ្លា។

គួរឱ្យដឹងថា បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យដឹងថារយៈពេល១៩ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់បច្ចុប្បន្នកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវចំនួន១០,១៩១នាក់ ក្នុងនោះនាទីចំនួន៩៤៦នាក់ចេញទៅទៅកាន់ប្រទេសចំនួន១០ ក្នុងតំបន់បេសកកម្មចំនួន១២ ដូចជា៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍៕
ដោយ សំ សាម៉ន





