ឯកឧត្តម ហ៊ែល តូនី ជួបពិភាក្សាការងារជាមួយប្រតិភូប្រតិភូតំណាង GGGI
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នាសាលប្រជុំអាជ្ញាធរទន្លេសាប អមដោយឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូតំណាង GlobalGreen Growth Institute (GGGI) លើគម្រោងគំនិតផ្តួចផ្តើមដើម្បីនិរន្តរភាពបរិស្ថានតំបន់ទន្លេសាប ដោយផ្តោតសំខាន់ទៅលើការបន្ស៊ាំទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

ឯកឧត្តម ហ៊ែល តូនី បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូតំណាងGGGI និងបានបង្ហាញពីចក្ខុវិស័យ និងបេសកកម្មរបស់អាជ្ញាធរទន្លេសាបក្នុងកិច្ចការពារ អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ ប្រតិភូតំណាង GGGI ក៏បានធ្វើបទបង្ហាញអំពីគោលបំណងនៃកិច្ចសហការ និងផែនការសកម្មភាពមួយចំនួន ព្រមទាំងស្នើសុំជាមតិយោបល់ និងធាតុចូលដើម្បីអភិវឌ្ឍសំណើគម្រោងរួមគ្នា។


ជាមួយគ្នានេះ មន្រ្តីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាបក៏បានធ្វើបទបង្ហាញអំពីសកម្មភាពការងារ កិច្ចការស្រាវជ្រាវ បញ្ហាប្រឈមនឹងបរិស្ថាន និងលទ្ធផលដែលពាក់ព័ន្ធមួយចំនួនព្រមទាំងការកំណត់ផែនការជាយុទ្ធសាស្រ្តសម្រាប់និរន្តរភាពបរិស្ថានបឹងទន្លេសាប។ ក្នុងជំនួបពិភាក្សាគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នាសម្រេចធ្វើកិច្ចការរួមគ្នាក្នុងជំហានបន្ទាប់៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





