មន្ត្រីជំនាញស្រុកឈូកអំពាវនាវឱ្យកសិករជឿទុកចិត្តការដឹកនាំរបស់រាជរដ្ឋាភិបាលលើវិស័យកសិកម្ម
AKP កំពត ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- មន្ត្រីកសិកម្មស្រុកឈូកបានបញ្ជាក់ថា នៅក្នុងគោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាល មាន២ចំណុចផ្តោតលើវិស័យកសិកម្ម ក្នុងគោលបំណងប្រែក្លាយវិស័យនេះប្រកបដោយផលិតភាព ទំនើបភាព និងភាពប្រកួតប្រជែង។ ជាក់ស្តែងកសិកម្មស្រុកឈូកកំពុងរីកចម្រើនជាលំដាប់ ហើយទោះជាមានបញ្ហាបិទព្រំដែន ក៏មិនប៉ះពាល់ការផលិត និងទីផ្សារដែរ។ លោកអំពាវនាវដល់កសិករឱ្យជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយប្រឹងបង្កើតការផលិត។
លោក ព្រំ ប៊ុនធឿន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកឈូក ខេត្តកំពត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ថា បច្ចុប្បន្នវិស័យកសិកម្មស្រុកឈូក កំពុងមានភាពរីកចម្រើនឡើងជាលំដាប់ បន្ទាប់ពីគោលនយោបាយអាទិភាពលើវិស័យកសិកម្មនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានដាក់ចុះឱ្យអនុវត្ត។


មន្ត្រីការិយាល័យកសិកម្មរូបនោះបានបញ្ជាក់ដែរថា បើទោះជាបច្ចុប្បន្នកម្ពុជាកំពុងតែមានបញ្ហាបិទច្រកព្រំដែនជាមួយប្រទេសថៃក៏ពិតមែន ប៉ុន្តែមិនប៉ះពាល់ដល់ការផលិត និងទីផ្សារកសិកម្មនោះទេ។ លោកបានអំពាវនាវដល់កសិករឱ្យខិតខំបន្តដាំដុះ និងចិញ្ចឹមសត្វឱ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីបំពេញត្រូវការក្នុងស្រុក និងឈានដល់ការនាំចេញ ពិសេសត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។


គួររម្លឹកថាគោលនយោបាយអាទិភាព៦ចំណុច ដែលមាន២ចំណុចផ្តោលើការងារកសិកម្មនោះគឺ ទី៥៖ ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ។ ទី៦៖ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ៕
ដោយ ប្រាក់ លាង





