ក្រុមហ៊ុន Yachiyo Engineering Co,LTD ជប៉ុន សិក្សាឈ្វេងយល់គម្រោងកែច្នៃកាកសំណល់រឹង រាវ និងទឹកកខ្វក់
AKP ព្រះសីហនុ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតិឱ្យក្រុមការងារក្រុមហ៊ុន Yachiyo Engineering Co,LTD ដឹកនាំដោយលោក កាស៊ូហ៊ីកូ យូហារ៉ា (Kazuhiko ITO) អ្នកគ្រប់គ្រងគម្រោង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារអំពីបញ្ហាអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរពាក់ព័ន្ធ។

ក្នុងជំនួបនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ប្រតិភូក្រុមហ៊ុន Yachiyo Engineering Co,LTD និងសហការី បានមកធ្វើទស្សកិច្ច និងស្វែងយល់ពាក់ព័ន្ធនឹងគម្រោងកែច្នៃកាកសំណល់រឹង រាវ និងទឹកកខ្វក់នៅខេត្តព្រះសីហនុ ដោយបានទៅទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីខែឧសភា ២០២៥កន្លងមក ក្នុងនោះបានជួបក្រុមហ៊ុនពិភាក្សាស្តីពីអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដោយសារខេត្តព្រះសីហនុ ស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងឧស្សាហកម្ម។ ផ្នែកទេសចរណ៍យើងមានឆ្នេរសមុទ្រប្រវែង១៧៥គីឡូម៉ែត្រ កោះ មានឆ្នេរ និងទេសភាពស្រស់ស្អាត ដោយភាពស្រស់ស្អាតនេះត្រូវបានសមាគមន៍ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោកបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធ ក្លឹបឆ្នេរស្អាតលើសកលលោកកាលពីឆ្នាំ២០១១។ ដោយឡែកវិស័យឧស្សាហកម្ម យើងមានប្រព័ន្ធដឹកជញ្ជូនសម្បូរបែប ដូចជា ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។ ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវរថភ្លើង។ ផ្លូវអាកាសមានសមត្ថភាពឱ្យយន្តហោះចុះចតបានដូចនៅភ្នំពេញ។ ផ្លូវទឹកយើងមានកំពង់ផែអន្តរជាតិ៣ ហើយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ស្ថិតនៅក្នុងតំណាក់កាលអភិវឌ្ឍន៍ចាប់ពីឆ្នាំ២០២៤-២០៣០ ឱ្យមានជម្រៅទឹក១៧,៥០ម៉ែត្រ អាចឱ្យនាវាដែលមានចំណុះ១៦ម៉ឺនតោនចូលចតបាន។ ដូច្នេះនាវាដែលធ្វើចរាចរណ៍នៅលើពិភពលោកអាចចូលចតបាន ការអភិវឌ្ឍកំពង់ផែទាំង៣តំណាក់កាលនេះគឺជាជំនួយរបស់ប្រទេសជប៉ុន តាមរយៈអង្កការJICA។ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ធ្វើឱ្យវិស័យផ្សេងៗទៀតដើរទៅមុខ រួមទាំងការអូសទាញមនុស្សមកស្នាក់នៅកាន់តែច្រើន។ ទន្ទឹមនោះការបញ្ចេញកាកសំណល់ក៏មានច្រើនផងដែរ ដែលតម្រូវឪ្យយើងធ្វើការគ្រប់គ្រងកាក សំណល់រឹង រាវ និងទឹកកខ្វក់។ បច្ចុប្បន្នយើងមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤ នេះមិនទាន់គ្រប់តាមតម្រូវការនោះទេ យើងត្រូវការ ៣ ឬ ៤បន្ថែមទៀត យើងត្រូវការអាងប្រព្រឹត្តកម្មជាចាំបាស់ ដើម្បីរក្សាសុខុមាលភាពប្រជាពលរដ្ឋ។



លោក កាស៊ូហ៊ីកូ យូហារ៉ា Kazuhiko ITO អ្នកគ្រប់គ្រងគម្រោងបានអរគុណអភិបាលខេត្ត និងសហការី ដែលអនុញ្ញាតឱ្យប្រតិភូចូលជួប និងពិភាក្សា ហើយក៏ជាលើកទី១ដែលលោកបានមកកាន់ប្រទេសកម្ពុជា និងបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុជាខេត្តទេសចរណ៍ និងឧស្សាហកម្ម កាលពីខែឧសភា អភិបាលបានទៅទស្សន កិច្ចក្រុមហ៊ុន Yachiyo Engineering Co,LTD ហើយថ្ងៃនេះយើងមកធ្វើការស្រាវជ្រាវភាពចាំបាច់នានា ជំហានបន្ទាប់រៀបចំការអភិវឌ្ឍន៍ បញ្ហាទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ មានគម្រោងពីរ៖ ១. គម្រោងបន្ទាន់ ២.គម្រោងរយ:ពេលយូរ ក្នុងនាមក្រុមហ៊ុនពាក់ព័ន្ធនឹងទឹកកខ្វក់ យើងនឹងធ្វើការសិក្សាស្រាវជ្រាវរៀបចំផែនការបរិស្ថានទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ។ បច្ចុប្បន្នរាជរដ្ឋាភិបាលជប៉ុនបានធ្វើការអភិវឌ្ឍទឹកកខ្វក់នៅរាជធានីភ្នំពេញ។ ចំពោះគម្រោងបន្ទាន់ រាជរដ្ឋាភិបាលធ្វើសំណើទៅរាជរដ្ឋាភិបាលជប៉ុន ដើម្បីប្រមូលព័ត៌មានវាយតម្លៃលើស្តានភាពបច្ចុប្បន្ននៅទីតាំងនីមួយៗ ទិន្នន័យទាំងនេះមានសារសំខាន់សម្រាប់ការធ្វើផែនការ និងរៀបចំឯកសារសម្រាប់ការកែលម្អប្រព័ន្ធចម្រោះទឹក និងគុណភាពទឹកនៅតាមប្រភពទឹកនានាក្នុងខេត្តព្រះសីហនុ។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជំនួបរវាងប្រធានក្រុមហ៊ុន YEC លោក Demizu Shigemitsu ជាមួយនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងតូក្យូ បានពិភាក្សាពាក់ព័ន្ធនឹងគម្រោងកែច្នៃកាកសំណល់រឹង រាវ និងទឹកកខ្វក់នៅខេត្តព្រះសីហនុ ក្នុងគោលបំណងលើកស្ទួយដល់សុខុមាលភាពសង្គម និងពាក់ព័ន្ធទីក្រុងឆ្លាតវៃ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា កិច្ចសហប្រតិបត្តិការនឹងទទួលបានជោគជ័យ និងសូមជូនពរឱ្យដំណើរទស្សនកិច្ច និងការស្នាក់នៅខេត្តព្រះសីហនុប្រកបដោយសុខភាពល្អ៕
ដោយ ងូ សុមុនី





