ព្រះសង្ឃ អាចារ្យគណ:កម្មការវត្តដំណាក់ និងបរិស័ទជិតឆ្ងាយ បានប្រារព្ធពិធីបុណ្យអាសាឡ្ហបូជា រួមគ្នាជាមួយនឹងបុណ្យចូលព្រះវស្សា
AKP សៀមរាប ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- កម្មវិធីនេះអាចជាកម្មវិធីដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះថាទោះបីកន្លងមកមានការប្រារព្ធពិធីនេះក៏ដោយ ក៏មិនប្រារព្ធក្នុងងលក្ខណ:ឱឡារិកនោះទេ ប៉ុន្តែសម្រាប់ការរៀបចំរបស់វត្តដំណាក់នេះគឺមានពិធីហែព្យុហយាត្រាអាសាឡ្ហបូជា ដោយមានអ្នកចូលរួមរាប់ពាន់អង្គ/នាក់ ទៅតាមបណ្តាដងវិថីនានាក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដូចគ្នាទៅនឹងបុណ្យមាឃបូជា និង វិសាខបូជាផងដែរ។


ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ បានមានសង្ឃដីកាថា កន្លងទៅយើងបានប្រារព្ធបុណ្យមាឃបូជា និងវិសាខបូជាបានជោគជ័យ ដោយមានញាតិញោមពុទ្ធបរិស័ទយ៉ាងច្រើនកុះករមកចូលរួម។ ឥឡូវនេះយើងចង់បង្ហាញពុទ្ធបិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងឱ្យបានដឹងនូវបុណ្យអាសាឡ្ហបូជា។ បុណ្យនេះរំឭកព្រឹត្តិការណ៍៥ក្នុងសម័យពុទ្ធកាលគឺ កាលសត្តុសិតទេវបុត្រចុះចាប់បដិសន្ធិ១ ព្រះសិទ្ថត្ថ (សិត ធាត់ ថាក) រាជកុមារចេញសាងផ្នួស១ ព្រះអង្គសម្ដែងធម្មបក្កប្បវត្តនសូត្រប្រោសបញ្ចវគ្គីយ៍១ ការស្ថាបនាព្រះសង្ឃក្នុងលោក១ និងការសម្ដែងយមកបាដិហារ្យ(ឫទ្ធិ) ផ្ចាញ់ពួកតិរ្ថិយ១។ ជាមួយគ្នានេះដែរដោយសារថ្ងៃ១៥កើត ខែអាសាឍជាថ្ងៃដែលបរិស័ទត្រូវធ្វើបុណ្យប្រគេនភត្ត និងសំពត់ងូតទឹកផង ដូចនេះពិធិបុណ្យនេះក៏ប្រារព្ធព្រមជាមួយគ្នាតែម្តង។


ចំណែកពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ពិធីបុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនព្រះសង្ឃ។ នៅពេលព្រឹកឡើងនៅថ្ងៃ១រោច ខែអាសាឍ មានម្ហូបអាហារ បង្អែម ប្រគេនដល់ព្រះសង្ឃ ហើយក្នុងអំឡុងពេល៣ខែនេះ បងប្អូនដែលមានទម្លាប់គោរពព្រះពុទ្ធសាសនា ក៏និយមបន្តធ្វើម្ហូប នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗមកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សានេះក្នុងអំឡុងពេលនេះដែរ។ ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេលបីខែ។ មួយវិញទៀតនេះជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ៕

ដោយ ឃុត សៅ





