កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
AKP ព្រះសីហនុ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម កង វណ្ណារ៉ូ អភិបាលរងនៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលស្ដីទីសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ នាយក នាយករងទីចាត់ការ ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត អភិបាលក្រុង និងស្រុក។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចជា៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។ ២.ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ ៣. ពិនិត្យ និងអនុម័តសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ ៤. ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តសម្រាប់ខែមិថុនា ឆ្នាំ២០២៥។


នាឱកាសនោះ ឯកឧត្តមប្រធានក្រមប្រឹក្សាខេត្ត និងឯកឧត្ដមអភិបាលរងខេត្ត ក៏បានជំរុញដល់អង្គភាពច្រកចេញចូលតែមួយ ខេត្ត ក្រុង-ស្រុក បន្តអនុវត្តលើកិច្ចការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ឱ្យបានលឿន រហ័សតាមដែលអាចធ្វើទៅបាន៕


ដោយ លឹម សាន្ត





