សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបើកវគ្គបង្រៀនវិជ្ជាសង្គ្រោះបឋមដោយឥតបង់ថ្លៃវគ្គទី២ ដល់សិស្ស និស្សិត នៃសាលាបច្ចេកទេស និងសណ្ឋាគារដុនបូស្កូ
AKP ព្រះសីហនុ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បើកវគ្គបង្រៀនវិជ្ជាសង្គ្រោះបឋមដោយឥតបង់ថ្លៃវគ្គទី២ ជូនដល់សិស្ស និស្សិត នៃសាលាបច្ចេកទេស និងសណ្ឋាគារដុនបូស្កូ ខេត្តព្រះសីហនុ ចំនួន១វគ្គ គឺថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាបច្ចេកទេស និងសណ្ឋាគារ ដុនបូស្គូ ដែលមានសិស្ស និស្សិត បុគ្គលិកចំនួន៤៤នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន៥នាក់ សរុបចំនួន៤៩នាក់ ស្រី ១៦នាក់។
លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងថា វគ្គសង្គ្រោះបឋម មានគោលបំណងចង់ឱ្យនិស្សិត សិស្ស បុគ្គលិក និងលោកគ្រូ អ្នកគ្រូ ចេះប្រើម៉ាស៊ីនវាយតម្លៃដំណើរការចង្វាក់បេះដូងឡើងវិញ (AED) Automated external defibrillator និងវិជ្ជាសង្គ្រោះបឋមថ្មីៗមួយចំនួន ដែលមានប្រសិទ្ធភាពក្នុងការជួយ សង្គ្រោះដល់សិស្ស និស្សិត បុគ្គលិក និងលោកគ្រូ អ្នកគ្រូនៅពេលមានបញ្ហាគ្រោះថ្នាក់ដោយចៃដន្យក្នុងប្រការណាមួយទាំងនៅក្នុងសាលារៀន កន្លែងបំពេញការងារ ព្រមទាំងនៅក្នុងហសហគមន៍ផងដែរ។


ឆ្លៀតក្នុងឨកាសនោះ លោក គាំ សុខុម ក៏បានធ្វើការផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ និងសុខភាពជូនដល់សិក្ខាកាម ដើម្បីឪ្យមានការយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា និងការថែទាំសុខភាពប្រចាំថ្ងៃ។


ជាមួយគ្នានេះដែរ លោក ប៊ុន វិចិត្រ នាយកសាលាបច្ចេកទេស និងសណ្ឋាគារ មានប្រសាសន៍ថ្លែងអំណគុណដល់មន្ត្រីសាខាកាកបាទក្រហម ខេត្តព្រះសីហនុ ដែលចូលបើកវគ្គបង្រៀនវិជ្ជាសង្រ្គោះបឋមជូនដល់សិស្ស និស្សិត និងបុគ្គលិកសិក្សាសាលាបច្ចេកទេសដុនបូស្កូរ និងសណ្ឋាគារ ដូច្នេះត្រូវយកចិត្តទុកដាក់ស្តាប់ និងការអនុវត្តជាក់ស្តែង ព្រោះវិជ្ជានេះមានសារៈសំខាន់ណាស់ នៅពេលយើងមានបញ្ហា យើងនឹងអាចជួយខ្លួនឯងបាន និងជួយដល់ក្រុមគ្រួសារ ឬមនុស្សជុំវិញខ្លួនយើង និងអ្នករួមការងារជាមួយយើងជាដើម ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូក្នុងវគ្គទី២នេះ យកចំណេះដឹងដែលយើងទទួលបាននាពេលនេះ បម្រើការងារសង្គម ក៏ដូចជាការជួយមនុស្សដែលនៅជុំវិញខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិ។

សូមបញ្ជាក់ថា ការបង្រៀនវិជ្ជាសង្គ្រោះបឋមនេះមានមេរៀនសំខាន់ដូចជា ១. ការយល់ដឹងពីកាកបាទក្រហម ប្រវត្តិគំនិត សមាសភាគរបស់ចលនា បដិរូប និងសញ្ញាសម្គាល់ គោលការណ៍គ្រឹះរបស់ចលនា ប្រវត្តិ និងសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ២. វិជ្ជាសង្គ្រោះបឋម តួនាទីអ្នកសង្រ្គោះ គោលការណ៍គ្រឹះ សភាពស្ហុក សន្លប់បាត់ស្មារតី ការដាក់ដំណេកសុវត្ថិភាព សន្លប់បាត់ដង្ហើមការធ្វើCPR ស្លាក់ របួសស្រាល ធ្ងន់ ការហូរឈាម បាក់ឆ្អឹង និងការដឹកជញ្ជូនជនរងគ្រោះជាដើម៕
ដោយ ងូ សុមុនី





