រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់យកចិត្តទុកដាក់ខ្ពស់ពង្រឹងបដិសណ្ឋារកិច្ចស្តង់ដា គុណភាពសេវាកម្មឱ្យបានប្រសើរ
AKP សៀមរាប ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងបដិសណ្ឋារកិច្ច ស្តង់ដា និងគុណភាពសេវាកម្មឱ្យបានប្រសើរឡើង ដោយត្រូវផ្តោតសំខាន់លើកត្តាអនាម័យ បរិស្ថាន និងភាពទាក់ទាញ និងត្រូវពង្រឹងការគ្រប់គ្រង និងការដឹកនាំឱ្យមានប្រសិទ្ធភាព និងបរិយាបន្ន។ ការថ្លែងរបស់ឯកឧត្តមបែបនេះបានធ្វើឡើងក្នុងពិធីបើកវទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបលើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជានេសាទ និងការគ្រប់គ្រងធនធានធម្មជាតិនៅបឹងទន្លេសាប» នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីរៈចម្រុះនានាប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត និងទាញយកផលប្រយោជន៍ផ្ទាល់ពីទេសចរណ៍ ប្រកបដោយសមធម៌ ជាពិសេសការចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ប្រជាពលរដ្ឋយើងផងដែរ។

ឯកឧត្តមបានបន្តថា ជាការពិតសុខសន្តិភាពបានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត១៣%នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។

សូមជម្រាបថា កាលពីឆ្នាំ១៩៩៨ កម្ពុជាទទួលបានអ្នកទេសចរបរទេសមកកម្សាន្ត ប្រមាណតែជាង២៩ម៉ឺននាក់។ ប៉ុន្តែចំនួននេះបានឡើងដល់ជាង ៦,៦ លាននាក់ នៅឆ្នាំ២០១៩ ហើយដែលបច្ចុប្បន្ននេះ កម្ពុជាទទួលទេសចរ ៦,៧ លាននាក់ នៅឆ្នាំ២០២៤ ជាមួយទេសចរជាតិប្រមាណ២២,៥២ លាននាក់។ សម្រាប់រយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៣ លាននាក់ កើនឡើងជិត ១១.៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។ហើយសម្រាប់វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបនេះ ក៏បានផ្តល់ឱកាសសម្រាប់ភាគីពាក់ព័ន្ធក្នុងការតភ្ជាប់ និងបង្កើតទំនាក់ទំនងរវាងភាគីពាក់ព័ន្ធសាធារណៈអង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធវិស័យឯកជន បង្កើតឱកាសទីផ្សារក្នុងការលក់ និងប្រើប្រាស់ផលិតផល និងសេវាកម្មទេសចរណ៍/អេកទេសចរណ៍ មូលដ្ឋានរបស់សហគមន៍ បង្ហាញពីចក្ខុវិស័យ គោលដៅ និងវឌ្ឍនភាពនៃបណ្តាញអេកូទេសចរណ៍ទន្លេសាប គូសបញ្ជាក់អំពីសារៈសំខាន់នៃទីផ្សារយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់តំបន់បឹងទន្លេសាបជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ ដោយមានការធ្វើបទបង្ហាញ និងការពិភាក្សាពីសំណាក់វាគ្មិនដែលមានបទពិសោធន៍ខ្ពស់ ទាំងជាតិ និងអន្តរជាតិ៕
ដោយ ឃុត សៅ





