កងពលតូចថ្មើរជើងលេខ៤២ បន្តពង្រឹងល្បាតតាមព្រំដែន ដើម្បីរក្សាសន្តិសុខ និងទប់ស្កាត់បទល្មើស
AKP ឧត្តរមានជ័យ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥--
កងពលតូចថ្មើរជើងលេខ៤២នៃយោធភូមិភាគទី៤ បានបន្តពង្រឹងការងារល្បាត និងត្រួតពិនិត្យតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច។ ការដាក់ចេញនូវបទបញ្ជាដ៏តឹងរ៉ឹងនេះ គឺក្នុងគោលបំណងធានាបាននូវសុវត្ថិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់រាល់សកម្មភាពបទល្មើសឆ្លងដែនខុសច្បាប់នានា។

ឧត្ដមសេនីយ៍ត្រី នាក់ វង្ស បានសង្កត់ធ្ងន់ទៅលើការបន្តពង្រឹងកិច្ចសហការឱ្យបានស្អិតរមួតរវាងគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ជាមួយអង្គភាពនគរបាលការពារព្រំដែនគោកលេខ៧០២។ កិច្ចសហការនេះមានសារៈសំខាន់ណាស់ក្នុងការចេញល្បាត និងត្រួតពិនិត្យតាមបណ្ដាគោលដៅដែលបានកំណត់ ដើម្បីតាមដាន និងក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួលតាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់បានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗ។

ថ្លែងទៅកាន់យោធិនទាំងអស់ដែលកំពុងឈរជើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ លោក ឧត្ដមសេនីយ៍ត្រី នាក់ វង្ស បានផ្ដាំផ្ញើជាពិសេសឱ្យយោធិនគ្រប់រូប ថែរក្សាសុខភាព ការពារពីជំងឺផ្សេងៗ។ ជាមួយគ្នានេះ លោកមេបញ្ជាការក៏បានក្រើនរំលឹកជាដាច់ខាតឱ្យយោធិន ចៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ដែលអាចបំផ្លាញអនាគត និងកិត្តិយសរបស់កងទ័ព។

ក្នុងនាមជាអ្នកដឹកនាំកំពូល លោក ឧត្ដមសេនីយ៍ត្រី នាក់ វង្ស បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ ជាពិសេសកងពលតូចថ្មើរជើងលេខ៤២ មានតួនាទីស្នូលក្នុងការ ការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី និងរក្សាសន្តិភាពជូនប្រជាពលរដ្ឋ។ ការខិតខំប្រឹងប្រែង និងការលះបង់របស់យោធិនគ្រប់រូប គឺមានសារៈសំខាន់ណាស់ក្នុងការធានាបាននូវសុវត្ថិភាព សន្តិសុខ និងការអភិវឌ្ឍប្រទេសជាតិ៕
ដោយ ឈុន សារ៉ាត





