ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងភារកិច្ចកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសព្រៃឈើចំនួន៤គោលដៅ នៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រកាសកែសម្រួលសមាសភាពមួយចំនួន និងពង្រឹងភារកិច្ចកងកម្លាំងចម្រុះប្រចាំការការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន៤ទីបញ្ជាការស្រាល គឺតំបន់អូរសោម តំបន់អូរឃ្មង តំបន់សុចិត្រ និងតំបន់កែងបឹងនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក វរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេចរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីការកែសម្រួលសមាសភាពទីបញ្ជាការស្រាល ដែលប្រចាំការទាំង៤គោលដៅនៅក្នុងតំបន់ព្រៃឡង់ដើម្បីប្រសិទ្ធភាពការងារក្នុងការបង្ក្រាបបទល្មើសព្រៃឈើឱ្យទទួលបានជោគជ័យ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះ ដែលបានបំពេញភារកិច្ចក្នុងការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អស់រយៈពេលជាង១ឆ្នាំកន្លងទៅទទួលបានលទ្ធផលល្អប្រសើរ ដោយកងកម្លាំងយើងទប់ស្កាត់បានមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ។ ជាមួយគ្នានោះដែរ កងកម្លាំងចម្រុះរបស់យើងក៏បានរកឃើញផ្ទៃដី ដែលជនល្មើសលួចកាប់ទន្ទ្រាននៅបណ្ដាឆ្នាំកន្លងទៅជិត៤ពាន់ហិកតា ដែលបច្ចុប្បន្នយើងកំពុងគ្រប់គ្រង និងបានដាំស្ដារព្រៃឈើបានជាង៥ម៉ឺនដើម ព្រមទាំងបានការពារទុកឱ្យព្រៃឈើធម្មជាតិ ដុះលូតលាស់ឡើងវិញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំង៤ទីបញ្ជាការស្រាល ដែលកំពុងបំពេញភារកិច្ចនៅក្នុងតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ត្រូវបន្តសកម្មភាពឱ្យដូចភ្លៀងរលឹមដើម្បីការពារទប់ស្កាត់ និងបង្ក្រាបឱ្យបាន មិនឱ្យមានបទល្មើសកាប់ អារ ជ្រៀកឈើខុសច្បាប់ និងការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ កើតឡើងជាថ្មីទៀតបានឡើយ។ ព្រមជាមួយនោះត្រូវសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ បន្តស្រាវជ្រាវវែករកមុខសញ្ញាមេខ្លោង ដែលបំផ្លាញធនធានធម្មជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូនទីបញ្ជាការស្រាលទាំង៤គោលដៅនូវប្រេងសាំងចំនួន៦០០លីត្រ ស័ង្កសីចំនួន៧០សន្លឹក ដើម្បីប្រក់ជម្រកស្នាក់នៅ ព្រមទាំងស្បៀងអាហារ គ្រឿងឧបភោគបរិភោគនិងភេសជ្ជៈ មួយចំនួន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់កងកម្លាំងចម្រុះទាំង៤ ទីបញ្ជាការស្រាល ក្នុងការដោះស្រាយបម្រើជីវភាពប្រចាំថ្ងៃដល់កងកម្លាំងចម្រុះ ងាយស្រួលក្នុងការធ្វើសកម្មភាពបង្រ្កាបបទល្មើសព្រៃឈើ ដោយគ្មានការដកថយឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





