ខេត្តព្រះសីហនុបើកយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ "Say No To Fake News"
AKP ព្រះសីហនុ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥--
មន្ទីរព័ត៌មានខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ "Say No To Fake News" នៅវេទិកាបុណ្យជាតិ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ក្មួយៗយុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ យុវជនស.ស.យ.ក សិស្សានុសិស្ស។

ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍បើកយុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ "Say No To Fake News" ថា ក្រសួងព័ត៌មានបានបើកយុទ្ធនាការព័ត៌មានក្លែងក្លាយចាប់ពីខែមេសា រហូតដល់ថ្ងៃនេះ ចាប់ពីថ្នាក់ជាតិរហូតថ្នាក់ក្រោមជាតិ ការបេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាបង្កើនការយល់ដឹងពីព័ត៌មានក្លែងក្លាយ និងរៀបចំផែនការសកម្មភាពប្រយុទ្ធប្រឆាំងកាត់បន្ថយនូវព័ត៌មានក្លែងក្លាយ ជាពិសេសនៅលើបណ្តាញសង្គម Facebook Telegram Tiktok Yutube ជាដើម រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា លើកកម្ពស់ការយល់ដឹងអក្ខរកម្មឌីជីថល ហើយរដ្ឋមន្ត្រីក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាផ្សេងៗទាក់ទងនឹងព័ត៌មានក្លែងក្លាយ ដែលជិះឥទ្ធិពលអាក្រក់ ព្រោះអក្ខរកម្មឌីជីថលមានសារ:សំខាន់ណាស់ស្តីពីផលប៉ះពាល់នៃមាតិការព័ត៌មានក្លែងក្លាយដែលពួកអគតិបង្កើតឡើង ក្នុងគោលបំណងនយោបាយក្តី សេដ្ឋកិច្ចក្តី ដែលប៉ះពាល់ដល់ការសម្រេចចិត្តរបស់យើងទាំងអស់គ្នា អាចប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់សហគមន៍ និងគ្រួសារខ្លួនយើងផ្ទាល់។ មកដល់បច្ចុប្បន្ននេះបច្ចេកវិទ្យាដើរលឿនដែលយើងមិនអាចនឹងស្មានដល់ឈានទៅការផលិតព័ត៌មាន ផលិតមាតិកាព័ត៌មានក្លែងក្លាយ ព័ត៌មានបន្លំ បំភ្លៃ បំផ្លើសប្រាកដនិយម ដូច្នេះយើងមិនត្រូវចែករំលែកសារណាដែលមានការប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយ ព្រោះមាតិកាក្លែងក្លាយខ្លះសម្រាប់ការលេងសើច ហើយមាតិកាខ្លះគេមានបំណងបង្កើតឱ្យមានការយល់ច្រឡំ មធ្យោបាយតែមួយគត់ គឺយុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ "Say No To Fake News" ត្រូវមានការប្រុងប្រយ័តចំពោះព័ត៌មានក្លែងក្លាយ មុននឹងចែករំលែកព័ត៌មាននៅក្នុងបណ្តាញសង្គម ត្រូវពិចារណាម្តងហើយម្តងទៀតកុំឱ្យមានផលវិបាកសម្រាប់អ្នកចែករំលែក។

ជាមួយគ្នានេះដែរ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ក្នុងគោលបំណងកាត់បន្ថយជាអតិបរិមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ទាំងស្រុង សំដៅធានាសន្តិសុខព័ត៌មាន ពោលគឺការទទួលព័ត៌មានប្រកបដោយគុណភាព សុវត្ថិភាពជូនមន្ត្រីរាជការ និងសាធារណជន។ បញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៌មានដែលមានចរិកបំភាន់ បំពុលសង្គម និងងាយបោកប្រាស់ប្រជាពលរដ្ឋ។ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីក ចម្រើនយុវជន គឺជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយបំផុត។ រាជរដ្ឋាភិបាលដែលមានក្រសួងព័ត៌មានជាសេនាធិការ បានដាក់ចេញនូវយន្តការ និងវិធានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដោយប្រើប្រាស់យុទ្ធសាស្ត្រ “៣ ប” គឺ “បញ្ជ្រាប បន្សាប និងបង្ក្រាប ” បច្ចុប្បន្នក្រសួងព័ត៌មានបាននឹងកំពុងអនុវត្តកិច្ចការនេះយ៉ាងយកចិត្តទុកដាក់តាមរយៈការបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងស្ថាប័នអន្តរជាតិ។ ព័ត៌មានក្លែងក្លាយមាន៣ប្រភេទ៖ ១.ព័ត៌មានក្លែងបន្លំ ជាប្រភេទព័ត៌មានមិនពិតដែលបង្កើតឡើងយកទៅផ្សព្វផ្សាយ ឬចែក ចាយដោយចេតនា បំភាន់ ឬបោកប្រាស់សាធារណជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។ ២. ព័ត៌មានបំភ្លៃជាប្រភេទព័ត៌មានមិនពិត ដែលត្រូវបានគេកែច្នៃពីព័ត៌មានពិតយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។ ៣. ព័ ត៌មានភាន់ច្រឡំជាប្រភេទព័ត៌មានមិនពិត ដែលគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ប្រភពនៃព័ត៌មានដែលទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។

លោកអភិបាលរងខេត្តបានក្រើនរំលឹកគួរពិចារណាលើចំណុចមួយចំនួន ដើម្បីជឿថាព័ត៌មានពិត ឬមិនពិត ត្រូវពិនិត្យមើលប្រភពព័ត៌មាន កាលបរិច្ឆេទ អត្តសញ្ញាណស្ថាប័ន ឬគណនីដែលផ្សព្វផ្សាយព័ត៌មាន ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ យើងត្រូវជំរុញការផ្សព្វផ្សាយការពិតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់កុំឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើង ឬក៏កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយរីកសាយភាយ៕
ដោយ ងូ សុមុនី





