ឯកអគ្គរដ្ឋទូតបារាំងបញ្ជក់ថា បារាំងត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់នូវឯកសារពាក់ព័ន្ធទៅនិងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងទិដ្ឋភាពជំហលើច្បាប់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-
ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង បានមានប្រសាសន៍ថា បារាំងនិងរីករាយ ត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់នូវឯកសារពាក់ព័ន្ធទៅនិងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី ក្នុងទិដ្ឋភាពជំហលើច្បាប់អន្តរជាតិ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង ដែលបញ្ចប់អាណត្តិការទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងនឹករលឹកផងដែរ ដែល ឯកឧត្តម JacquesPELLET បញ្ចប់អាណត្តិការទូតនៅកម្ពុជា ហើយសម្ដេចតេជោបានបញ្ជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម Jacques PELLET នៅកម្ពុជា បានចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងការពង្រឹងនិងពង្រឺកទំនាក់ទំនងរវាងកម្ពុជា និងបារាំង ជាពិសេស ឯកឧត្ដមបានរៀបចំនៅដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា ដូចជា ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋបារាំង ដំណើរទស្សនកិច្ចរបស់សម្ដេចកាលពីឆ្នាំ២០២២ នៅប្រទសបារាំង និងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំង ដែលជាការឆ្លុះបញ្ចាំងអំពីការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តម Jacques PELLET ឯកអគគ្គរដ្ឋទូតបារាំង បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានស្វាគមន៍ និងអនុញ្ញាតឱ្យឯកឧត្ដមបានចូលជួប និងជម្រាបលាក្នុងឱកាសនេះ ហើយឯកឧត្ដម ក៏បានបញ្ជាក់ពីការពេញចិត្តចំពោះការបំពេញបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ក្នុងការលើកម្ពស់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ្យកាន់តែល្អប្រសើរ។

ឯកឧត្ដមបានបញ្ជាក់ថា បើទោះបីជាពេលនេះឯកឧត្ដមត្រូវបញ្ចប់អាណត្តិឃ្លាតឆ្ងាយពីប្រទេសកម្ពុជា ក៏ពិតមែន ក៏ប៉ុន្តែបេះដូងរបស់ឯកឧត្ដមនៅជាប់ជាមួយកម្ពុជា ដោយឯកឧត្ដមបានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលឯកឧត្ដមបានចាប់ផ្ដើមអាជីពជាអ្នការទូត ហើយក៏ជាប្រទេសដែលឯកឧត្ដមនឹងបញ្ចប់អាជីពជាអ្នការទូតដែរ ដោយេកឧត្ដមនឹងត្រូវចូលនិវត្តន៍។ ឯកឧត្តម Jacques PELLET ក៏បានគូសរំលេច អំពីកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាងកម្ពុជា និងបារាំង កិច្ចសហប្រតិបត្តិការលើវិស័យយោធា អប់រំ អភិវឌ្ឍធនធានមនុស្ស ជាដើម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែករបស់បារាំង ក្នុងការចូលរួមអភិវឌ្ឍន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមចំណែករបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក្នុងការលើកស្ទួយនៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការដឹងគុណ ចំពោះការជួយជ្រោមជ្រែងរបស់បារាំង តាំងពីប្រទេសកម្ពុជានៅជួបស្ថានភាពលំបាក ជាពិសេសការផ្ដល់ជំនួយតាមរយៈ AFD ជួដលវិស័យដំណាំកៅស៊ូ។ល។ និងកិច្ចសហប្រតិបត្តិការដទៃទៀតរបស់បារាំង ក្នុងការជួយដល់ការអភិរក្ស ប្រាង្គប្រាសាទនានា និងតំបន់បិតិកភណ្ឌរបស់កម្ពុជា ដែលជាផ្នែកមួយនៃការអភិវឌ្ឍវិស័យវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនោះ បារាំងក៏បានដើរតួនាទី រួមចំណែកនៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលមន្ត្រីសុខាភិបាល និងច្បាប់ផងដែរ។ សម្ដេចតេជោ ក៏បានជំរុញបន្ថែមទៀត ឱ្យមានការបណ្ដុះបណ្ដាល ជាពិសេសផ្នែកភាសាបារាំង ដែលជាភាសាមួយដែលមានសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល និងវិស័យច្បាប់ ហើយនៅឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្រ្វង់កូហ្វួនី ដែលជាចំណុចសំខាន់មួយ ដែលកម្ពុជាមានឱកាសភ្ជាប់ទំនាក់ទំនងបន្ថែមជាមួយបណ្ដាប្រទេសនានា ក៏ដូចជា ការរួមចំណែកក្នុងការអភិវឌ្ឍភាសាបារាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើន។

ឆ្លៀតនៅក្នុងជំនួបនោះ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានពន្យល់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង អំពីស្ថានភាព នៃបច្ចុប្បន្នភាពបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ ដោយសម្ដេចតេជោបានបញ្ជាក់ពីសារបាននៃជម្ឡោះដែលបានកើតឡើង ចាប់ផ្ដើមពីភាគីថៃមុន ពោលគឺរឿងសំខាន់នោះ គឺការគូសផែនទីជាឯកតោភាគី ក្នុងគោលបំណងរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ការបិទព្រំដែនជាឯកតោភាគី ការសម្លាប់នូវទាហានរបស់កម្ពុជា និងការគម្រាមប្រមាថមកលើកម្ពុជា ដូចជា ការកាត់ផ្ដាច់អគ្គិសនី ការកាត់ផ្ដាច់អ៊ីនធឺណែត ការមិនឱ្យនាំចូលនូវប្រេង និងឧស្ម៏ន ជាដើម ដែលជាផ្នែកមួយធ្វើឱ្យវិវាទនេះ កាន់តែមានស្ថានភាពមួយឈានទៅឡើងកម្ដៅកាន់តែខ្លាំង។ សម្ដេតេជោ ក៏បានគូសបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាតាមរយៈយន្តការដោយសន្តិវិធី គឺការចចារដោយទ្វេភាគី និងយន្តការច្បាប់អន្តរជាតិ ដែលជាយន្តការដ៏សំខាន់ក្នុងការយករឿងក្ដីនេះ ទៅកាន់តុលាការអន្តរជាតិ ICJ។
សម្ដេចតេជោ ហ៊ុន សែន ក៏សង្ឃឹមដែរថា បារាំងនិងអនុវត្តន៍នូវការផ្ដល់ឯកសារពាក់ព័ន្ធទាក់ទងរវាងបញ្ហាកម្ពុជា និងថៃ ដូចអ្វីដែលឯកឧត្ដមប្រធានាធិបតីបារាំង ម៉ាណូអែល ម៉ាក្រុង បានសន្យាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ សម្ដេចតេជោបានបញ្ជាក់ទៀតថា កម្ពុជាមិនត្រូវការបន្ថែមក្រៅតែពីឱ្យភាគីពាក់ព័ន្ធ ត្រូវតែគោរពទៅតាមយន្តការច្បាប់អន្តរជាតិ ដែលជាចំណុសំខាន់ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ពីព្រោះកម្ពុជាមិនចង់មានសង្គ្រាមជាមួយអ្នកណាទេ គឺយើងចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ដែលជាចំណុចនៃយុទ្ធសាស្ត្រឈ្នះ ឈ្នះ ទាំងអស់គ្នា យើងមិនចង់អនុវត្តនូវយុទ្ធសាស្ត្រចាញ់ ចាញ់ ទេ ប៉ុន្តែសម្ដេចតេជោបានបញ្ជាក់បន្ថែមថា ក្នុងនាមជារដ្ឋអធិបតេយ្យ ប្រសិនបើគេប្រមាថ ឈ្លានពាន គឺយើងមិនអនុញ្ញាតឱ្យគេឈ្លានពានបានទេ យើងត្រូវតែការពារទឹកដី និងអធិតេយ្យភាពរបស់កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម Jacques PELLET បានអរគុណចំពោះសម្ដេចតេជោ ចំពោះការពន្យល់ក្បោះក្បាយអំពីស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយឯកឧត្ដមបានបញ្ជាក់ថា បារាំងនិងរីករាយ ត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់នូវឯកសារពាក់ព័ន្ធទៅនិងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី ក្នុងទិដ្ឋភាពជំហលើច្បាប់អន្តរជាតិ។ ឯកឧត្ដបានបញ្ជាក់ទៀតថា បារាំងគាំទ្រចំពោះយន្តការនៃការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេស គឺតាមរយៈតុលាការអន្តរជាតិ ICJ៕
ដោយ៖ ជឹម ណារី





