ប្រធានក្រុមប្រឹក្សារាជធានីស្នើឱ្យអាជ្ញាធរចុះពិនិត្យមើលដើមឈើគ្រប់ប្រភេទចៀសវាងកុំឱ្យមានការបាក់រលំទៅលើប្រជាពលរដ្ឋបន្ដទៀត
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥--
រដូវវស្សាឈានចូលមកដល់ ដើមឈើនៅរាជធានីភ្នំពេញសុទ្ធតែមានវ័យចំណាស់ៗ បើអញ្ចឹងសូមឱ្យអាជ្ញាធររាជធានីភ្នំពេញត្រូវចុះពិនិត្យមើលដើមឈើគ្រប់ប្រភេទទាំងនោះ ចៀសវាងកុំឱ្យមានការបាក់រលំសង្កត់ទៅលើប្រជាពលរដ្ឋបន្ដទៀត។ នេះជាការស្នើសុំពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាណត្ដិ៤ លើកទី១៤ នៅរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់បន្ថែមថា កន្លងមកនេះ អាជ្ញាធររាជធានីក៏បានប្រមូល និងដឹកជញ្ជូនសំរាមបានល្អ ការងារស្តារប្រឡាយ លូ ស្តារព្រែករំដោះទឹកបានលឿន បានកាត់បន្ថយនូវការលិចលង់លំនៅឋានប្រជាពលរដ្ឋ។ ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញក៏បានបង្កើតឱ្យមានផ្លូវថ្មើរជើងWalk Street ដែលទទួលបានការគាំទ្រ និងពេញនិយមពីភ្ញៀវជាតិ និងអន្តរជាតិផង និងបានស្នើឱ្យមានការសម្រួលនៃការផ្តល់សេវាប.ស.សនៅតាមមន្ទីរពេទ្យឱ្យបានលឿន ដោយសារប្រជាពលរដ្ឋសម្រុកទៅទទួលសេវាព្យាបាលយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមមន្ទីរពេទ្យរដ្ឋនីមួយៗ នាពេលបច្ចុប្បន្ននេះ។
ក្នុងកិច្ចប្រជុំនេះក៏មានការប្រកាសតែងតាំងមន្ត្រីចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញផងដែរដោយតែងតាំងលោក សួស ឆមុន្នី ជានាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលរាជធានី និងមន្ត្រី២រូបទៀត ក្នុងនោះមានការតែងតាំងលោក លន់ សុភាព ជាប្រធានការិយាល័យប្រជាពលរដ្ឋដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាល នៅថ្នាក់ក្រោមជាតិ។

ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់ថា ការប្រកាសតែងតាំងលោក លន់ សុភាព ជាប្រធានការិយាល័យប្រជាពលរដ្ឋកើតចេញពីការបោះឆ្នោតក្នុងក្រុមប្រឹក្សាកន្លងមក ហើយត្រូវបានប្រកាសនៅពេលនេះ។ ការងារនៅការិយាល័យប្រជាពលរដ្ឋ លោក លន់ សុភាព មិនប្រាកដថា ចេះការងារទាំងអស់នោះទេ ដែលទៀមទាឱ្យមានការណែនាំពីរបៀបរបបធ្វើការងារជូនគាត់ផង។
ជាមួយគ្នានេះដែរ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់ថា ការប្រើបណ្ណ ប.ស.ស រដ្ឋាភិបាលបានសម្រួលរហូតមានសេវានេះនៅតាមមន្ទីរពេទ្យឯកជនថែមទៀត។ ការសម្រុកទៅពិនិត្យ ព្យាបាលជំងឺដោយប្រើបណ្ណ ប.ស.សនៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួនមានចំនួនច្រើនលើសលប់នោះ គឺដោយសារប្រជាពលរដ្ឋមានជំនឿលើមន្ទីរពេទ្យនោះ។

ទន្ទឹមនឹងនេះ ឯកឧត្ដម កើត ឆែ បានបន្តទៀតថា ដើមឈើគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ តែងតែបាក់រលំទៅតាមធម្មជាតិរបស់វា ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ចំពោះការងារនេះ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឯកឧត្ដមបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ កាត់ លះមែកឈើ និងពិនិត្យមើលដើមឈើជាប្រចាំផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រោះថ្នាក់ដែលផ្តើមចេញពីបាក់រលំដើមឈើនេះតែងតែកើតមាន ដែលទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នទាំងអស់គ្នា នៅពេលធ្វើដំណើរតាមដងផ្លូវ ពិសេសនៅពេលមានភ្លៀងធ្លាក់ម្តងៗ៕
ដោយ សួស សំរិត





