ឯកឧត្ដម ជា វ៉ាន់ដេត ចែករំលែកបទពិសោធន៍បរិវត្តកម្មឌីជីថលកម្ពុជាក្នុងវេទិកាពិភាក្សារបស់ថ្នាក់ដឹកនាំ និងកិច្ចសន្ទនាតុមូលថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥--
ក្នុងកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន ឆ្នាំ២០២៥ (World Summit on the Information Society-WSIS +20 High-Level Event 2025) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចែករំលែកអំពីបទពិសោធន៍របស់កម្ពុជាក្នុងការពង្រឹង និងពង្រីកការតភ្ជាប់ឌីជីថលនិងអក្ខរកម្មឌីជីថល ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្នសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

ប្រភពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ថា ក្នុងវេទិកាពិភាក្សារបស់ថ្នាក់ដឹកនាំ (Leaders TalkX) លើប្រធានបទ “ពន្លឿនការទទួលបានព័ត៌មាននិងពុទ្ធិជាសាកលក្នុងយុគសម័យឌីជីថល” ដែលមានការចូលរួមពីរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល ៦រូប ឯកឧត្ដមរដ្ឋមន្ត្រីបានចែករំលែកអំពីបទពិសោធន៍កំណែទម្រង់ក្នុងវិស័យទូរគមនាគមន៍ និងការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា ជាពិសេសលើការតភ្ជាប់ឌីជីថលនិងមូលធនមនុស្សឌីជីថល ដែលជាកត្តាអាទិភាពក្នុងការបង្កើនលទ្ធភាពទទួលបានព័ត៌មាន និងពុទ្ធិក្នុងយុគសម័យឌីជីថល។

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថលប្រកបដោយបរិយាបន្ន ជាអាទិ៍តាមរយៈគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍និងអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនមកពីគ្រប់ទិសទីចូលរួមក្នុងបេសកកម្មបរិវត្តកម្មឌីជីថលរបស់សង្គមជាតិ។
ក្នុងកិច្ចប្រជុំកំពូលនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាតុមូលថ្នាក់រដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់តំណាងជាង៥០ប្រទេស ព្រមទាំងអគ្គលេខាធិការនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីចែករំលែកអំពីវឌ្ឍនភាពសំខាន់ៗនៃបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ បន្ថែមលើការតភ្ជាប់ឌីជីថលនិងមូលធនមនុស្សឌីជីថល កម្ពុជាក៏បានជំហានទៅមុខលើផ្នែកបច្ចេកវិទ្យា ស្ដែងឡើងតាមរយៈជោគជ័យនៃថ្នាល verify.gov.kh ដែលជាថ្នាលប្រើបច្ចេកវិទ្យាឌីជីថលឈានមុខ មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ និងមានការទទួលស្គាល់ទាំងកម្រិតតំបន់និងអន្តរជាតិ។ លើសពីនេះ កម្ពុជាក៏បាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ដោយមានការចូលរួមយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មានឆ្នាំ២០២៥ (World Summit on the Information Society-WSIS +20 High-Level Event 2025) និងកិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិ ឆ្នាំ២០២៥ (AI for Good Global Summit 2025) ប្រព្រឹត្តទៅចាប់ពីពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





